មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ក្លាយជាក្តីសង្ឃឹមថ្មីសម្រាប់អ្នកជំងឺបេះដូង ជាមួយបច្ចេកវិទ្យាទំនើប
AKP សៀមរាប ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦---មជ្ឈមណ្ឌលបេះដូង នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប កំពុងក្លាយជាមជ្ឈម ណ្ឌលព្យាបាលជំងឺបេះដូងដ៏សំខាន់មួយនៅភាគពាយ័ព្យនៃប្រទេស ដោយផ្តល់សេវាវិនិច្ឆ័យ និងព្យាបាលជំងឺបេះដូងប្រកប ដោយប្រសិទ្ធភាពខ្ពស់ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប និងក្រុមគ្រូពេទ្យឯកទេសមានបទពិសោធន៍ ដែលបានជួយសង្គ្រោះអាយុជីវិតអ្នកជំងឺរាប់ពាន់នាក់ និងកាត់បន្ថយអត្រាពិការភាពយ៉ាងមានប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត គីរី សំណាង វេជ្ជបណ្ឌិ តឯកទេសជំងឺបេះដូង និងជាប្រធានមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាបបានឱ្យដឹងថា នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦នេះថា មជ្ឈមណ្ឌលនេះ គឺជាផ្នែកឯកទេសព្យាបាលជំងឺបេះ ដូងថ្នាក់ខេត្ត ដំបូងគេ ដែលមានហេដ្ឋារចនាសម្ព័ន្ធ និងឧបករណ៍វេជ្ជសាស្ត្រទំនើប ស្របតាមស្តង់ដារវេជ្ជសាស្ត្របច្ចុប្បន្ន ព្រមទាំងមានម៉ាស៊ីនឆ្លុះសរសៃឈាមបេះដូងទំនើប និងក្រុមគ្រូពេទ្យជំនាញប្រចាំការ ដើម្បីផ្តល់សេវាថែទាំ និងព្យាបាលអ្នកជំងឺប្រកបដោយគុណភាពខ្ពស់។

លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា សេវា កម្មសំខាន់ៗរបស់មជ្ឈមណ្ឌលរួមមាន ការឆ្លុះសរសៃឈាមបេះដូង(Coronary Angiography) ដែលអាចជួយធ្វើរោគវិនិច្ឆ័យជំងឺសរសៃឈាមបេះដូងបានយ៉ាងត្រឹមត្រូវ និងអនុញ្ញាតឱ្យក្រុមគ្រូពេទ្យ ធ្វើអន្តរាគមន៍ព្យាបាលការស្ទះសរសៃឈាមបេះដូងបានទាន់ពេលវេលា តាមរយៈការប្រើបាឡុងនិងដាក់ស្តង់(Stent)ដែលជាបច្ចេកវិទ្យាទំនើបត្រូវបានប្រើប្រាស់យ៉ាងទូលំទូលា យនៅបណ្តាប្រទេសអភិវឌ្ឍន៍។

លោកវេជ្ជបណ្ឌិត គីរី សំណាង បានបន្តថា ចាប់តាំងពីដាក់ឱ្យដំណើរការមក មជ្ឈមណ្ឌលបេះដូងខេត្តសៀមរាបសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយបានធ្វើការឆ្លុះសរសៃឈាមបេះដូង ចំនួន ៩,៥៥៩ករណី និងពិនិត្យអេកូបេះដូងចំនួន ៣,៧២៧ករណី ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ និងកាត់បន្ថយហានិភ័យនៃពិការភាព។
លោកបានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ កើតឡើងក្រោមការយកចិត្តទុកដាក់ និងគាំទ្រពីថ្នាក់ដឹកនាំវិស័យសុខាភិបាល ព្រមទាំងការចូលរួមពីដៃគូអភិវឌ្ឍន៍នានា ដែលបានជួយពង្រឹងសមត្ថភាពសេវាសុខាភិបាលនៅថ្នាក់ខេត្តឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

លោកក៏បានថ្លែងអំណរគុណដល់សមាគមនីកាយនៃសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលបានផ្តល់ការឧបត្ថម្ភដ៏មានតម្លៃដល់មជ្ឈមណ្ឌលបេះដូង។ ជំនួយនេះបានរួមចំណែកឱ្យប្រជាព លរដ្ឋនៅខេត្តសៀមរាប និងបណ្តាខេត្តជិតខាង អាចទទួលបានសេវាព្យាបាលជំងឺបេះដូងប្រកប ដោយគុណភាពនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយមិនចាំបាច់ចំណាយពេលវេលា និងថវិកាច្រើនក្នុងការធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ៕
ដោយ៖ ឃុត សៅ





