អភិបាលខេត្តកំពង់ធំ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ៨.៩៦៦បណ្ណ ជូនប្រជាពលរដ្ឋចំនួន៨ភូមិនៅស្រុកស្ទោង
AKPកំពង់ធំថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ៨.៩៦៦បណ្ណស្មើនឹង ១.៩២៤គ្រួសារ ជូនប្រជាពលរដ្ឋចំនួន៨ភូមិ នៅស្រុកស្ទោងស្ថិតនៅក្នុងបរិវេនវត្តស្វាយអៀភូមិស្វាយអៀ ឃុំចំណាក្រោម ស្រុកស្ទោងខេត្តកំពង់ធំនាព្រឹកថ្ងៃទី៣០ខែ កញ្ញា២០២៦។
លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំបានលើកឡើងថាការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់បងប្អូនប្រជាពលរដ្ឋចំនួន៨ភូមិ គឺភូមិស្វាយអៀ ភូមិស្រីរងិត ភូមិចំណាក់ ឃុំចំណាក្រោម ភូមិសំប៉ាន ភូមិម្សាក្រងត្បូង ឃុំម្សាក្រង និងភូមិពៃ ភូមិចំបក់ខ្ពស់ ភូមិត្រាចជ្រុំ ឃុំសំព្រោជ នៅស្រុកស្ទោងនាពេលនេះ ដែលមានបណ្ណសរុបចំនួន ៨.៩៦៦បណ្ណ ស្មើនឹង ១.៩២៤គ្រួសារ ក្នុងនោះរួមមាន៖ ១-ភូមិស្វាយអៀ មានចំនួន ១.៩១៩ បណ្ណ ស្មើនឹង ៣៩៨គ្រួសារ ២.ភូមិស្រីរងិត មានចំនួន ១.៥៣០ បណ្ណ ស្មើនឹង ២៦៣គ្រួសារ ៣. ភូមិចំណាក់ មានចំនួន ១.៩២៨ បណ្ណ ស្មើនឹង ៣៦៥គ្រួសារ ៤. ភូមិចំបក់ខ្ពស់ មានចំនួន ៨៦៩ បណ្ណ ស្មើនឹង ២០៩គ្រួសារ ៥. ភូមិពៃ មានចំនួន ៧៨៤ បណ្ណ ស្មើនឹង ១៦៦គ្រួសារ ៦. ភូមិត្រាចជុំរ មានចំនួន ១.២៤៣ បណ្ណ ស្មើនឹង ២៦៣គ្រួសារ ៧.ភូមិម្សាក្រងត្បូងមានចំនួន ៣៤៩ បណ្ណ ស្មើនឹង ១៥៦គ្រួសារ និង៨.ភូមិសំប៉ាន មានចំនួន ៤០៨ បណ្ណ ស្មើនឹង ១០៤គ្រួសារ ។
ឯកឧត្តម នួន ផារ័ត្នបានមានប្រសាសន៍ជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាពសភាពការណ៍ព្រំដែនរបស់កម្ពុជា និងថៃ ជាពិសេសការកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដីកម្ពុជា ។

ឯកឧត្តម បានបន្តថា ជាមួយនឹងលទ្ធផលដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសម្រេចបាន គឺពិតជាសមិទ្ធផលដែលបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោ បាយដីធ្លីរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ព្រោះលទ្ធផលដែលសម្រេចបានជាការរួមចំណែកការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ។
ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា ការចុះបញ្ជីដីធ្លីឱ្យបានឆាប់និងគ្រប់ភូមិ/ឃុំ ដូចជាជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹកឱ្យបានច្បាស់លាស់និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ព្រោះការចុះបញ្ជី ដីធ្លីនាំឱ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋនិងដីឯកជន ការកំណត់ព្រំនិងសិទ្ធលើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិគី មានការ ការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់។


ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយក្រុមការងារ បច្ចេកទេសរបស់មន្ទីរ ក្នុងការចូលរួមពិនិត្យទិន្នន័យក្បាលដីពេលបិទផ្សាយជាសាធារណៈឱ្យបានគ្រប់ៗគ្នា ពិសេសករណីមានទំនាស់រវាងអ្នកជាប់ព្រំគួររួមគ្នាដោះស្រាយតាមវិធីសាស្ត្រឈ្នះៗទាំងអស់គ្នាដើម្បីយើងរស់នៅក្នុងភូមិឋាន ប្រកបដោយភាពសុខដុមរម្យនានិងគ្នា៕
ដោយ៖ ស៊ុម វណ្ណា





