ប៉ាឡេស្ទីនថ្កោលទោសការគំរាមកំហែងសម្លាប់របស់រដ្ឋមន្ត្រីអ៊ីស្រាអែលប្រឆាំងនឹងអ្នកជាប់ឃុំ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីថ្ងៃចន្ទ គណៈកម្មការកិច្ចការអ្នកជាប់ឃុំរបស់ប៉ាឡេស្ទីនបានថ្កោលទោសការគំរាមកំហែងរបស់រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែល លោក អ៊ីតាម៉ារ បេន ជីវៀ (Itamar Ben-Gvir) ដែលចង់ប្រហារជីវិតអ្នកទោសនៅក្នុងបន្ទប់ឃុំឃាំងរបស់លោកដោយគណៈកម្មការបានលើកឡើងពីស្ថានភាពនៅក្នុងពន្ធនាគារអ៊ីស្រាអែលថាជា «អំពើភេរវកម្មដែលមានការរៀបចំ»។
លោក បេន ជីវៀ បានបង្ហោះវីដេអូមួយកាលពីថ្ងៃអាទិត្យនៅលើបណ្តាញសង្គមអ៊ិចរបស់សហរដ្ឋអាមេរិក ដែលបង្ហាញរូបលោកនៅក្នុងបន្ទប់ឃុំឃាំងរបស់អ្នកទោសប៉ាឡេស្ទីនឈ្មោះ ហាស់សាន់សាឡាមេហ៍ (Hassan Salameh) ដោយនិយាយទៅកាន់លោកថា៖ «ខ្ញុំចង់សម្លាប់អ្នក។ ខ្ញុំចង់ប្រហារជីវិតអ្នក»។
លោក រេដ អាប៊ូ អាល់ ហូមមូស (Raed Abu al-Hummus) ប្រធានគណៈកម្មការនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «វីដេអូដែលបានផ្សព្វផ្សាយដោយលោក បេន ជីវៀបង្ហាញថា ការបន្ទាបបន្ថោកនិងអំពើដ៏អាក្រក់បានឈានដល់កម្រិតខ្ពស់បំផុត» ដោយលោកបានហៅស្ថានភាពនៅក្នុងពន្ធនាគារអ៊ីស្រាអែលថាជា «អំពើភេរវកម្មដែលមានការរៀបចំ»។
លោកបានចោទសួរអំពីជំហររបស់សហគមន៍អន្តរជាតិ និងស្ថាប័ននានារបស់ខ្លួនចំពោះស្ថានភាពពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល ដោយលោកបានព្រមានថា ការអនុញ្ញាតឱ្យសកម្មភាពបែបនេះបន្តកើតមានដោយគ្មានវិធានការអន្តរជាតិ គឺ «ជំរុញឱ្យមានការរំលោភបំពានបន្ថែមទៀត»។
យោងតាមស្ថាប័ននានាដែលធ្វើការងារពាក់ព័ន្ធនឹងអ្នកទោសប៉ាឡេស្ទីន លោក សាឡាមេហ៍ ដែលមកពីតំបន់ហ្គាហ្សាត្រូវបានជាប់ឃុំឃាំងតាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតជាច្រើនលើក។ អ៊ីស្រាអែលបានបដិសេធមិនដោះលែងលោកជាផ្នែកមួយនៃកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសកាលពីឆ្នាំ២០១១ នោះទេ។
លោក បេន ជីវៀ បាននិយាយនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមអ៊ិច បន្ទាប់ពីផ្សព្វផ្សាយវីដេអូនោះថា ប្រសិនបើលោកក្លាយជារដ្ឋមន្ត្រីការពារជាតិនៅក្នុងរដ្ឋាភិបាលអាណត្តិក្រោយ លោកនឹងខិតខំអនុវត្តន៍ទោសប្រហារជីវិតចំពោះអ្នកទោសប៉ាឡេស្ទីន៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





