អនុរដ្ឋមន្ត្រីការបរទេសតួកគីជួបប្រជុំផ្នែកការទូតនៅទីក្រុងញូវយ៉ក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ -- ក្រសួងការបរទេសតួកគីបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា អនុរដ្ឋមន្ត្រីការបរទេសតួកគី លោកស្រីឯកអគ្គរដ្ឋទូត បឺរីស អេគីនស៊ី (Berris Ekinci) បានចូលរួមក្នុងកិច្ចប្រជុំសង្ខេបស្តីពីប្រតិបត្តិការ និងការរៀបចំភស្តុភារសម្រាប់កិច្ចប្រជុំ COP31 ព្រមទាំងបានជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់ម៉ាឡេស៊ី និងអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។
លោកស្រី អេគីនស៊ី បានជួបជាមួយលោក ដាតូ អាហ៍ម៉ាដ ហ្វៃសាល (Dato Ahmad Faisal) អនុអគ្គលេខាធិការទទួលបន្ទុកកិច្ចការពហុភាគីនៃក្រសួងការបរទេសម៉ាឡេស៊ី និងលោក កាល ស៊្កូ (Carl Skau) ដែលជាអនុនាយកប្រតិបត្តិនៃកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ។
លោកស្រីក៏បានចូលរួមក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) ក្រោមប្រធានបទ «ទឹក៖ គឺជាកត្តាសំខាន់ជាយុទ្ធសាស្ត្រ - ពីបញ្ហាប្រឈមជាសកល ទៅកាន់សកម្មភាពរួមគ្នា»។
ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីការបរទេស លោកឯកអគ្គរដ្ឋទូត ឡេវេន ហ្គូមរូកកូ (Levent Gumrukcu) បានចូលរួមកិច្ចប្រជុំក្រៅផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៃដំណើរការសហប្រតិបត្តិការអាស៊ីអាគ្នេយ៍អឺរ៉ុប (SEECP)។
យោងតាមការបង្ហោះរបស់ក្រសួងការបរទេសនៅលើបណ្តាញសង្គមតួកគី NSosyal បានឱ្យដឹងថា អ្នកការទូតទាំងពីររូបបានបន្តសកម្មភាពការទូតរបស់ពួកគេនៅទីក្រុងញូវយ៉ក អំឡុងពេលនៃកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១៕
ដោយ៖ មូល មិនា (ប្រភព៖ AA-AKP)





