ឯកឧត្ដម ឆាយ ឫទ្ធិសែន និងលោកជំទាវ អញ្ជើញដឹកនាំក្រុមការងារកាន់បិណ្ឌវេនទី១ នៅវត្តព្រះពុទ្ធអណ្ដែត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ បានដឹកនាំក្រុមការងារមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តទាំងជិត ទាំងឆ្ងាយ អញ្ជើញកាន់បិណ្ឌវេនទី១ នៅវត្តព្រះពុទ្ធអណ្ដែត ស្ថិតនៅក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តមរដ្ឋមន្ដ្រី និងក្រុមគ្រួសារ ព្រមទាំងគណៈប្រតិភូរួមដំណើរ បានអញ្ជើញពូនភ្នំខ្សាច់ ធ្វើនមស្ការព្រះរតនត្រ័យ បង្សុកូល ប្រគេនទេយ្យវត្ថុចំពោះព្រះសង្ឃ និងរាប់បាត្រឧទ្ទិសកុសលជូនដល់វីរកងទ័ព និងបុព្វការីជនដែលបានធ្វើកាលកិរិយាទៅកាន់បរលោក តាមគន្លងប្រពៃណី។ សូមជម្រាបជូនផងដែរថា បុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់របស់អ្នកកាន់ព្រះពុទ្ធសាសនា។

ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ត្រូវបានគេកំណត់យកតាមប្រតិទិនពុទ្ធសាសនា ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ជារៀងរាល់ឆ្នាំ៕

ដោយ៖ ពេជ្រ សំអឿន(ប្រភព.ក្រសួងអភិវឌ្ឍន៍ជនបទ)





