បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ និងដាក់ចេញនូវទិសដៅសម្រាប់អនុវត្តបន្ត
AKP កំពង់ធំ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦-- នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំយោធភូមិភាគទី៤ នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធា សន្តិសុខប្រចាំខែកញ្ញា និងដាក់ចេញនៅទិសដៅសម្រាប់អនុវត្តបន្តខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងស្ថាប័នចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំជាច្រើននាក់។

លោកអនុសេនីយ៍ឯក ចាន់ សុធី នាយរងកាល័យទី៣នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានឡើងធ្វើរបាយការណ៍ស្ដីពីលទ្ធផលសំខាន់ៗនៃការងារយោធាសន្តិសុខប្រចាំខែកញ្ញា ដែលអង្គភាពសម្រេចបាន និងបានគូសបញ្ជាក់អំពីលទ្ធផលក្នុងកិច្ចប្រតិបត្តិការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិ ទទួលបានជោគជ័យគួរជាទីមោទនៈព្រមទាំងបានគូសបញ្ជាក់អំពីចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងបញ្ហាប្រឈមមួយចំនួន ដើម្បីអង្គប្រជុំបានជ្រួលជ្រាប។ ជាមួយគ្នានោះដែរ លោកវរសេនីយ៍ទោ ស៊ុន សាម៉ុន នាយការិយាល័យទី១ បានឡើងអានសេចក្តីសម្រេចស្តីពីការបង្កើតគណៈកម្មាធិការកាតព្វកិច្ចយោធា និងលោកវរសេនីយ៍ទោ ជាវ សុធារិទ្ធ នាយផ្នែកហិរញ្ញវត្ថុ ឡើងអានសេចក្តីណែនាំស្តីពីការបើកប្រាក់ហូបប្រចាំថ្ងៃដែលជាគោលរបបរបស់កងយោធពលខេមរភូមិន្ទ ដោយក្នុងមួយថ្ងៃចំនួន ៤២០០រៀល សម្រាប់យោធិនម្នាក់ៗ សម្រាប់ហូបប្រមូលផ្ដុំនៅក្នុងផ្ទះបាយរបស់កងឯកភាពនីមួយ នៅតាមបណ្ដាកងឯកភាពប្រមូលផ្ដុំ និងតាមបណ្តាសាលា ក្នុងកងយោធពលខេមរភូមិន្ទផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មេបញ្ជាការគ្រប់បណ្ដាកងឯកភាព និងនាយការិយាល័យ ស្ថាប័នចំណុះទាំងអស់ ព្រមទាំងយោធិនគ្រប់រូប ចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់តាមផែនការដែលថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទបានប្រគល់ជូន។ ពិសេសក្នុងរយ:ពេលកន្លងទៅនេះកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចូលរួមក្នុងភារកិច្ចការពារបូរណភាពទឹកដី ក្នុងពេលដែលពួកចោរសៀមឃ្លានពានទឹកដី។ កងកម្លាំងក៏បានចូលរួមចំណែកយ៉ាងសកម្ម និងជាស្នូលក្នុងការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ទទួលបានលទ្ធផលល្អប្រសើរ។ ដោយឡែកការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ មិនមានការកើតឡើងជាថ្មីទៀតឡើយ ហើយផ្ទៃដីរបស់ដែលរងនូវការទន្ទ្រានកន្លងទៅត្រូវបានកងកម្លាំងចម្រុះដកហូត គ្រប់គ្រងជាសម្បត្តិរបស់រដ្ឋ និងកំពុងដាំស្តាព្រៃឈើឡើងវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ដែលត្រូវអនុវត្តបន្តនៅខែតុលា ឆ្នាំ២០២៦ ខាងមុខនេះមានជាអាទិ៍៖ ទី១. ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ច្បាប់កាតព្វកិច្ចយោធា និងការអនុវត្តតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាល ព្រមទាំងសេចក្ដីសម្រេចរបស់ក្រសួងការពារជាតិនិងសេចក្ដីសម្រេចរបស់បញ្ជាការដ្ឋានកងទ័ពជើងគោកស្តីពីការ រៀបចំបង្កើតសមាសភាពគណគណៈកម្មាធិការកាតព្វកិច្ចយោធានៅគ្រប់បណ្ដាថ្នាក់។ ទី២. ពង្រឹងវិធានការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ហើយកងកម្លាំងទាំងអស់ ត្រូវប្ដេជ្ញាចិត្តដាច់ខាតក្នុងការ ការពារ ទប់ស្កាត់ បង្ក្រាបឱ្យបានបទល្មើសព្រៃឈើ កុំឱ្យមានការកាប់ទន្ទ្រាន់ដីព្រៃរបស់រដ្ឋ និងការដឹកជញ្ជូនឈើខុសច្បាប់ ជាមួយនោះ ត្រូវយកចិត្តទុកដាក់បង្រា្កបឱ្យខាងតែបានឧបករណ៍នេសាទខុសច្បាប់ និងមានវិធានការចាប់ឃាត់ខ្លួនជនប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីប្រគល់ជូនសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងទី៣. មេបញ្ជាការគ្រប់កងឯកភាព និងយោធិនគ្រប់រូប ត្រូវត្រៀមខ្លួន និងសម្ភារៈគ្រឿងបំពាក់ និងមធ្យោបាយគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះទឹក ដោយបច្ចុប្បន្នស្ថានភាពទឹកជំនន់ហក់ឡើងខ្ពស់នៅតាមដងស្ទឹងសែន ដងស្ទឹងស្ទោង និងតាមបណ្តាកន្លែងមួយចំនួនទៀត៕

ដោយ ស៊ុម វណ្ណា





