ក្រសួងធនធានទឹក បើកទ្វារទឹករំដោះជំនន់ជាអតិបរមា ដើម្បីសង្គ្រោះតំបន់រងគ្រោះក្នុងខេត្តបន្ទាយមានជ័យ
AKP បន្ទាយមានជ័យ ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ – ដើម្បីឆ្លើយតបជាបន្ទាន់ចំពោះស្ថានភាពទឹកជំនន់ដែលកំពុងបង្កផលប៉ះពាល់នៅតំបន់មួយចំនួនក្នុងខេត្តបន្ទាយមានជ័យ ឯកឧត្តម ប៉ុញ សច្ចៈ រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស និងទីប្រឹក្សាបច្ចេកទេសកូរ៉េ ចុះពិនិត្យស្ថានភាពទឹក និងប្រព័ន្ធធារាសាស្ត្រកាត់បន្ថយទឹកជំនន់ដោយផ្ទាល់ ដើម្បីដាក់ចេញវិធានការអន្តរាគមន៍រំដោះទឹកឱ្យបានទាន់ពេលវេលា។

បេសកកម្មនេះបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី២៦ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានការចូលរួមពី លោក ឃ្លោក នួយ អភិបាលរង នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មន្ទីរធនធានទឹក និងឧតុនិយមខេត្ត មន្ត្រីបច្ចេកទេសក្រសួង ព្រមទាំងទីប្រឹក្សាបច្ចេកទេសកូរ៉េ ដោយបានចុះពិនិត្យស្ថានភាពទឹកនៅតំបន់ជាប់ព្រំដែនកម្ពុជា-ថៃ និងប្រព័ន្ធធារាសាស្ត្រកាត់បន្ថយទឹកជំនន់ប៉ែកខាងលិចនៃខេត្ត។
ក្នុងដំណើរចុះពិនិត្យ ឯកឧត្តម ប៉ុញ សច្ចៈ បានដឹកនាំក្រុមការងារចុះពិនិត្យជាក់ស្តែងនៅស្រុកម៉ាឡៃ ក្រុងប៉ោយប៉ែត ស្រុកអូរជ្រៅ និងក្រុងសិរីសោភ័ណ ដែលតំបន់ទាំងនេះកំពុងរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងដែលធ្លាក់ជាប់ៗគ្នា ព្រមទាំងទឹកជំនន់ឆ្លងដែន។

ក្នុងស្ថានភាពនេះ ឯកឧត្តម ប៉ុញ សច្ចៈ បានណែនាំយ៉ាងម៉ឺងម៉ាត់ដល់ប្រធានមន្ទីរ និងមន្ត្រីជំនាញបច្ចេកទេស ឱ្យបន្តអន្តរាគមន៍បើកទ្វារទឹករំដោះជំនន់ ដល់កម្រិតអតិបរមា និងជាបន្ទាន់ ដោយត្រូវគ្រប់គ្រងលំហូរទឹកឱ្យបានត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេស ដើម្បីបង្កើនសមត្ថភាពរំដោះទឹកចេញពីតំបន់រងគ្រោះ និងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ក្នុងពេលដែលស្ថានភាពទឹកជំនន់កំពុងកើនឡើង ការឆ្លើយតបត្រូវធ្វើឡើងដោយផ្អែកលើស្ថានភាពជាក់ស្តែង និងទិន្នន័យបច្ចេកទេស ដោយត្រូវពិនិត្យតាមដានកម្រិតទឹកជាប្រចាំ និងធានាថា សំណង់ធារាសាស្ត្រទាំងអស់អាចដំណើរការបានពេញលេញ ដើម្បីបញ្ចេញទឹកពីតំបន់ដែលកំពុងរងផលប៉ះពាល់។

ជាមួយគ្នានេះ ក្រុមការងារបច្ចេកទេសក៏បានពិនិត្យលទ្ធភាពរំដោះទឹកតាមប្រព័ន្ធធារាសាស្ត្រសំខាន់ៗ ដើម្បីបែងចែក និងបញ្ជូនលំហូរទឹកចេញពីតំបន់ទំនាប។ តាមរបាយការណ៍បច្ចេកទេស បរិមាណធារទឹករំដោះសរុបប្រមាណ ៦១០ម៉ែត្រគូបក្នុងមួយវិនាទី ឬស្មើប្រមាណ ៥២លានម៉ែត្រគូបក្នុងមួយថ្ងៃ កំពុងហូរចូលស្ទឹងសិរីសោភ័ណ និងបង្កផលប៉ះពាល់ដល់តំបន់ទំនាបក្នុងក្រុងសិរីសោភ័ណ។
ក្នុងចំណោមប្រព័ន្ធសំណង់ធារាសាស្ត្រសំខាន់ៗ MC1 ឬអាងអូរខៃដន មានសមត្ថភាពរំដោះទឹកប្រមាណ ៣៥០ម៉ែត្រគូបក្នុងមួយវិនាទី ក្នុងនោះតាមទ្វារទឹក ១៥០ម៉ែត្រគូបក្នុងមួយវិនាទី និងសំណង់បង្ហៀរ ២០០ម៉ែត្រគូបក្នុងមួយវិនាទី។ MC2 ឬអាងពង្រ មានប្រមាណ ៨០ម៉ែត្រគូបក្នុងមួយវិនាទី ខណៈ MC3 ឬអាងកន្សែង/ច្រកអូរបីជាន់ មានប្រមាណ ១០០ម៉ែត្រគូបក្នុងមួយវិនាទី និងសំណង់បង្ហៀរអាងវាំងហែង មានប្រមាណ ៨០ម៉ែត្រគូបក្នុងមួយវិនាទី។
ការចុះពិនិត្យ និងអន្តរាគមន៍ដោយផ្ទាល់របស់ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមនេះ គឺជាផ្នែកសំខាន់មួយនៃការឆ្លើយតបចំពោះស្ថានភាពទឹកជំនន់ ដោយផ្តោតជាសំខាន់លើការប្រើប្រាស់ប្រព័ន្ធធារាសាស្ត្រដែលមានស្រាប់ឱ្យអស់លទ្ធភាព ដើម្បីពន្លឿនការរំដោះទឹកចេញពីតំបន់រងគ្រោះ និងកាត់បន្ថយផលប៉ះពាល់ដល់ការរស់នៅ និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។
ក្រុមការងារបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងបន្តតាមដានស្ថានភាពទឹកយ៉ាងជិតស្និទ្ធ និងចាត់វិធានការបច្ចេកទេសចាំបាច់នានា ស្របតាមស្ថានភាពជាក់ស្តែង ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រង និងរំដោះទឹកជំនន់នៅតំបន់ដែលរងផលប៉ះពាល់៕
ដោយ៖ ឈុន សារ៉ាត





