មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១បានអនុម័តសេចក្តីប្រកាសអង្គការសហប្រជាជាតិស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- មហាសន្និបាតអង្គការសហប្រជាជាតិនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំកម្រិតខ្ពស់ស្តីពី «ការដោះស្រាយការគំរាមកំហែងដល់អត្ថិភាពដែលបង្កឡើងដោយការកើនឡើងនៃកម្ពស់ទឹកសមុទ្រ» នៅទីស្នាក់ការអង្គការសហប្រជាជាតិទីក្រុងញូវយ៉ក។

ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន ឡើងថ្លែងការណ៍ ដោយបានគូសបញ្ជាក់ពីសារៈសំខាន់នៃការការពារ និងស្តារព្រៃកោងកាង និងតំបន់ដីសើមឆ្នេរ ការបញ្ចូលហានិភ័យនៃការកើនឡើងកម្ពស់ទឹកសមុទ្រទៅក្នុងផែនការអភិវឌ្ឍន៍ និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការធ្វើឱ្យប្រទេសកំពុងអភិវឌ្ឍងាយស្រួលទទួលបានហិរញ្ញប្បទាន និងជំនួយបច្ចេកទេស។

សេចក្តីប្រកាសស្តីពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រនេះទទួលស្គាល់ថា ការកើនឡើងកម្ពស់ទឹកសមុទ្រកំពុងបង្កផលប៉ះពាល់ជាក់ស្តែង និងហានិភ័យធ្ងន់ធ្ងរដល់ប្រទេសកោះតូចកំពុងអភិវឌ្ឍ ប្រទេសអភិវឌ្ឍន៍តិចតួច និងសហគមន៍នៅតំបន់ឆ្នេរ និងតំបន់ទំនាប។ បើតាមក្រសួងបរិស្ថានបានឱ្យដឹងថាសេចក្តីប្រកាសកំណត់ទិសដៅសកម្មភាពសំខាន់ៗចំនួនបួន។

ទិសដៅទី១ គឺពង្រឹងវិទ្យាសាស្ត្រ ការសង្កេត និងការចែករំលែកទិន្នន័យ ដើម្បីគាំទ្រការវាយតម្លៃហានិភ័យ ការប្រកាសអាសន្នជាមុន និងការធ្វើផែនការរយៈពេលវែង។ ទិសដៅទី២ គឺពង្រឹងការបន្ស៊ាំ ភាពធន់ និងការទទួលបានហិរញ្ញប្បទាន ជាពិសេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ព្រមទាំងការការពារ និងស្តារព្រៃកោងកាង តំបន់ដីសើមឆ្នេរ និងប្រព័ន្ធអេកូឡូស៊ីផ្សេងៗ។ ទិសដៅទី៣ គឺការពារជីវភាព សន្តិសុខស្បៀង និងទឹក វប្បធម៌ និងបេតិកភណ្ឌ ព្រមទាំងគិតគូរពីតម្រូវការរបស់ប្រជាជនដែលអាចត្រូវផ្លាស់ទីដោយសារផលប៉ះពាល់នៃការកើនឡើងកម្ពស់ទឹកសមុទ្រ និងទិសដៅទី៤ គឺពង្រឹងភាពច្បាស់លាស់ផ្នែកច្បាប់អន្តរជាតិ ទាក់ទងនឹងដែនសមុទ្រ៕

ដោយ៖ មករា





