មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបិទវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការអង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦-- មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ បានរៀបចំពិធីបិទវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការអង្គការសហប្រជាជាតិ សម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិក្រោមអធិតីភាពលោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិតំណាងខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង ឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានថ្លែងថា នេះគឺជាពិធីបិទវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនាធិការ អង្គការសហប្រជាជាតិនិយាយភាសាបារាំង សម្រាប់ប្រតិបត្តិការអង្គការសហប្រជាជាតិ (UNSOC) ដែលវគ្គហ្វឹកហ្វឹននេះធ្វើឡើងក្រោមការជួយឧបត្ថម្ភគាំទ្រពីភាគីបារាំង។

ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋបារាំង ក្នុងវិស័យការពារជាតិ និងរក្សាសន្តិភាព ដែលភាគីបារាំងបានបន្តអភិវឌ្ឍយ៉ាងសកម្ម និងមានលក្ខណៈជាបន្តបន្ទាប់ ជាក់ស្តែងចាប់តាំងពីឆ្នាំ២០០៥ ដល់បច្ចុប្បន្ន តាមរយៈនាយកដ្ឋានសហប្រតិបត្តិការសន្តិសុខ និងការពារជាតិនៃសាធារណរដ្ឋបារាំង (DCSD) សាធារណរដ្ឋបារាំងបានផ្តល់ការគាំទ្រដល់កម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្ស ការផ្តល់សម្ភារៈ និងឧបករណ៍ហ្វឹកហ្វឺន ការផ្លាស់ប្តូរបទពិសោធន៍ និងការគាំទ្រផ្នែកបច្ចេកទេសលើជំនាញរក្សាសន្តិភាពជាដើម ហើយថា ក្នុងរយៈពេលជាង១៥ឆ្នាំមកនេះ កម្ពុជាទទួលបានការគាំទ្រលើការងារបណ្តុះបណ្តាលសរុបចំនួន ៩៥វគ្គ ក្នុងនោះ ៧៩វគ្គនៅក្នុងប្រទេស មានសិក្ខាកាមសរុប ២,១៤៣នាក់ ដោយការគាំទ្រដ៏មានតម្លៃនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងសមត្ថភាពវជ្ជាជីវៈ និងការត្រៀមរួចជាស្រេចរបស់កងកម្លាំងកម្ពុជា ក្នុងការបំពេញភារកិច្ចក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ។

នាឱកាសនេះ ឯកឧត្តម Oliver Richard ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហការរបស់ភាគីបារាំងជាមួយមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លើការងារបណ្តុះបណ្តាលកងកម្លាំងកម្ពុជា ដើម្បីចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាតិនៅតាមបណ្តាប្រទេសដែលហែកហួរដោយសង្គ្រាម ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទេសធ្លាប់ទទួលកងកម្លាំងអង្គការសហប្រជាជាតិឱ្យមករក្សាសន្តិភាព ប្រែក្លាយទៅជាប្រទេសបញ្ជូនកងកម្លាំងឱ្យទៅចូលរួមរក្សាសន្តិភាពនៅក្រៅប្រទេសវិញ ដែលនេះគឺជាមោទនភាពខ្ពស់បំផុតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។

ក្នុងឱកាសនេះ លោកជំទាវ អ៊ាត សោភា ក្នុងនាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញមោទនភាព ដែលកម្ពុជាបានទទួលឱកាសធ្វើជាម្ចាស់ផ្ទះនៃវគ្គហ្វឹកហ្វឺនជំនាញនាយទាហានសេនា ធិការអង្គការសហប្រជាជាតិ និយាយភាសាបារាំង ដែលឆ្លុះបញ្ចាំងពីការទទួលស្គាល់ថា កម្ពុជាមានសមត្ថភាព និងបទពិសោធន៍គ្រប់គ្រាន់អាចចូលរួមផ្តល់ការហ្វឺកហ្វឺនដល់នាយទាហានរក្សាសន្តិភាពតាមស្តង់ដាអង្គការសហប្រជាជាតិ ដែលតាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានបញ្ជាក់ថា វគ្គហ្វឹកហ្វឺនដែលទើបបញ្ចប់នេះគឺជាវគ្គទី៧ ហើយជាវគ្គទី១ដែលអនុវត្តនៅប្រទេសកម្ពុជា ដោយ៦លើកមុនធ្វើនៅប្រទេសបារាំង។ លោកជំទាវបានថ្លែងអរគុណដល់រដ្ឋាភិបាលបារាំង ដែលបានផ្តល់ការគាំទ្រដល់ការរៀបចំវគ្គហ្វឹកហ្វឺននេះ ព្រមទាំងសូមអរគុណចំពោះសិក្ខាកាមជាតិ អន្តរជាតិ ដែលបានយកចិត្តទុក ដាក់ចូលរួមអភិវឌ្ឍន៍សមត្ថភាពខ្លួន សំដៅជួយកសាងសមត្ថភាពកងកម្លាំងរក្សាសន្តិភាពជំនាន់ថ្មី ដែលពេលនេះកាន់តែមានសារៈសំខាន់ជាងពេលណាៗទាំងអស់ ហើយថាក្នុងរយៈពេលវគ្គហ្វឹកហ្វឹនជំនាញនៅកម្ពុជា អស់លោកពិតជាបានយល់ដឹងកាន់តែច្រើនពីកម្ពុជា យល់ដឹងពីវិនាសកម្មដែលប្រជាជនកម្ពុជាធ្លាប់បានឆ្លងកាត់ បានឃើញពីអារិយ្យធម៌រុងរឿងក្នុងសម័យបូរាណនៃអាណាចក្រខ្មែរ ដែលស្តែងចេញតាមប្រាង្គប្រាសាទនានា ជាពិសេសប្រាសាទអង្គរវត្តជាបេតិកភណ្ឌពិភពលោក និងវឌ្ឍនភាពកម្ពុជាក្រោយទទួលបានសន្តិភាពពេញលេញ៕

ដោយ៖ ចាន់ សុភឿន





