កីឡាការិនីការ៉ាតេ វ៉ាន់ ចរិយា នាំមេដាយសំរឹទ្ធិ១គ្រឿង ប្រកបដោយមោទកភាពជាតិ ពីកីឡាអាស៊ី នៅប្រទេសជប៉ុន
AKP កណ្តាល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦--
ប្រតិភូកីឡាសហ្វតិន្នីសកម្ពុជា និងប្រតិភូកីឡាការ៉ាតេកម្ពុជា ព្រមទាំងម្ចាស់មេដាយសំរិទ្ធ គឺកីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា ដែលជាកីឡាការិនីរបស់ក្លឹបការ៉េតេ ហនុមាន បានត្រឡប់មកដល់មាតុភូមិវិញ កាលពីព្រលប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ខេត្តកណ្តាល បន្ទាប់ពីបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ី (Asian Games) លើកទី២០ នៅទីក្រុងណាកូយ៉ា ប្រទេសជប៉ុន។

ក្នុងដំណើរនិវត្តន៍មកដល់មាតុប្រទេសវិញនេះទទួលបានការអញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តម សាមីឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ព្រមទាំងមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងមន្ត្រីសហព័ន្ធកីឡាការ៉ាតេកម្ពុជា រួមទាំងក្លឹបការ៉ាតេ ហនុមាន។
កីឡាការិនីការ៉េតេជម្រើសជាតិកម្ពុជា វ៉ាន់ ចរិយា ទទួលបានមេដាយសំរឹទ្ធិ ១គ្រឿងលើវិញ្ញាសាប្រយុទ្ធនារីប្រភេទទម្ងន់ក្រោម ៦១គីឡូក្រាម ដែលជាកីឡាការិនីការ៉ាតេជម្រើសជាតិកម្ពុជា និងកីឡាការិនីរបស់ក្លឹបការ៉ាតេ ហនុមាន។ កីឡាការិនី វ៉ាន់ ចរិយា បានបង្ហាញមោទកភាពជាតិថា ដែលរូបនាងពិតជាមានអារម្មណ៍រំភើបយ៉ាងខ្លាំងចំពោះការប្រជែងដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងជូនជាតិ ពីព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីរៀងរាល់៤ឆ្នាំងម្តងមួយនេះ។

ជាមួយនឹងទឹកមុខដ៏រីករាយ កីឡាការិនី វ៉ាន់ ចរិយា បានលើកឡើងថា កត្តាដែលជំរុញឱ្យនាងអាចឈានទៅដណ្តើមបានមេដាយសំរឹទ្ធិជូនជាតិ លើកនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ និងការខិតខំហ្វឹកហាត់ជាប្រចាំ ការជួយជ្រោមជ្រែងពីសំណាក់គ្រូបង្វឹក ព្រមទាំងការលើកទឹកចិត្ត និងការគាំទ្រពីថ្នាក់ដឹកនាំគ្រប់ដំដាប់ថ្នាក់។ កីឡាការិនី វ៉ាន់ ចរិយា បានបន្ថែមថា មេដាយសំរឹទ្ធិ ដែលទទួលបាននេះ គឺជាកម្លាំងចិត្តដ៏សំខាន់មួយ ក្នុងការបន្តខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិនានានាពេលខាងមុខ ដោយមានគោលដៅដណ្តើមមេដាយជូនជាតិបន្ថែមទៀត។
ម្ចាស់មេដាយសំរឹទ្ធិការ៉ាតេរូបនេះរម្លឹកថា កាលពី៤ឆ្នាំមុន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ដូចគ្នា នៅប្រទេស ខ្លួនបានឈ្នះការប្រកួតមួយចំនួន ប៉ុន្តែបានរបូតឱកាសឈានដល់ការប្រជែងមេដាយ ប៉ុន្តែនៅឆ្នាំ២០២៦នេះ ខ្លួនបានដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿង ក្នុងការចូលរួមប្រកួតលើកទី២របស់ខ្លួន ដែលជាការសម្រេចបានលទ្ធផលជោគជ័យជាប្រវត្តិសាស្ត្រជូនជាតិ ក៏ដូចជាក្លឹបការ៉ាតេ ហនុមាន ផងដែរ។
ជាមួយគ្នានេះ លោក ហេង ផេង គ្រូបង្វឹកជម្រើសជាតិកីឡាការ៉ាតេកម្ពុជាបានវាយតម្លៃថា ការទទួលបានមេដាយសំរឹទ្ធិរបស់កីឡាការិនី វ៉ាន់ ចរិយា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី២០ នៅប្រទេសជប៉ុន ឆ្នាំ២០២៦នេះ បង្ហាញពីការរីកចម្រើនផ្នែកគុណផលបច្ចេកទេស បើប្រៀបធៀបទៅនឹងការចូលរួមប្រកួតកាលពី៤ឆ្នាំមុន ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ នៅប្រទេសចិន ទោះបីទទួលបានមេដាយសំរឹទ្ធដូចគ្នាក៏ដោយ។

ទោះជាយ៉ាងណា លោកគ្រូបង្វឹកបានអះអាងថា អត្តពលិកកម្ពុជានៅមានចំណុចខ្វះខាតមួយចំនួន ដែលត្រូវបន្តខិតខំប្រឹងប្រែង និងអភិវឌ្ឍបន្ថែមទៀត។ លោកគ្រូ ហេង ផេង បានលើកឡើងថា កីឡាករកីឡាការិនីកម្ពុជាមានកម្លាំង និងបច្ចេកទេសប្រហាក់ប្រហែលនឹងប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ី ប៉ុន្តែផ្នែកល្បឿននៅមិនទាន់អាចប្រៀបធៀបជាមួយកីឡាកររបស់ប្រទេសមួយចំនួនបាននៅឡើយ។ ដូច្នេះ ការបង្កើនការហ្វឹកហាត់ និងការពង្រឹងសមត្ថភាពគ្រប់ផ្នែក គឺជាចំណុចដែលត្រូវយកចិត្តទុកដាក់បន្ថែមទៀត៕
ដោយ ហេង ណាលីន





