ចិន និងកាហ្សាក់ស្ថាន ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ -- កាលពីរសៀលថ្ងៃអង្គារលោក ឌីង ស៊ូស៊ាំង (Ding Xuexiang) ឧបនាយករដ្ឋមន្ត្រីចិន បានជួបជាមួយលោក នួលីប៊ែក ណាលីបាយ៉េវ (Nurlybek Nalibayev) អនុនាយករដ្ឋមន្ត្រីទីមួយនៃប្រទេសកាហ្សាក់ស្ថាន នៅទីក្រុងប៉េកាំង ហើយភាគីទាំងពីរបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងឱ្យកាន់តែស៊ីជម្រៅ។
លោក ឌីង ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានមានប្រសាសន៍ថា ប្រទេសចិន និងកាហ្សាក់ស្ថាន គឺជាអ្នកជិតខាងល្អ មិត្តភក្តិល្អ និងជាដៃគូល្អ ដែលមានភ្នំ និងទន្លេតភ្ជាប់គ្នា ហើយមានអនាគតរួមគ្នា។
លោក ឌីង បានលើកឡើងថា កាលពីខែកក្កដាឆ្នាំនេះ ប្រមុខរដ្ឋនៃប្រទេសទាំងពីរបានជួបពិភាក្សាគ្នា ដោយបានកំណត់ទិសដៅសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី និងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង។
លោក ឌីង បានមានប្រសាសន៍ថា៖ «ក្នុងនាមជាសហប្រធាននៃគណៈកម្មាធិការសហប្រតិបត្តិការចិន-កាហ្សាក់ស្ថាន យើងគួរតែអនុវត្តឱ្យបានពេញលេញនូវការឯកភាពគ្នាដ៏សំខាន់ៗដែលសម្រេចបានដោយប្រមុខរដ្ឋនៃប្រទេសទាំងពីរ ប្រើប្រាស់តួនាទីរបស់គណៈកម្មាធិការក្នុងការសម្របសម្រួលរួមឱ្យអស់លទ្ធភាព និងជំរុញលទ្ធផលថ្មីៗនៅក្នុងកិច្ចសហប្រតិបត្តិការជាក់ស្តែងលើវិស័យសំខាន់ៗ ដូចជាពាណិជ្ជកម្ម និងការវិនិយោគ បញ្ញាសិប្បនិម្មិត និងរ៉ែបៃតង ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង»។
លោក ណាលីបាយ៉េវ បានមានប្រសាសន៍ថា ប្រទេសកាហ្សាក់ស្ថានមានឆន្ទៈក្នុងការអនុវត្តតាមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ និងសហការជាមួយប្រទេសចិន ដើម្បីបន្តអភិវឌ្ឍកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ព្រមទាំងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសកាហ្សាក់ស្ថាន និងចិន ឱ្យឈានដល់កម្រិតខ្ពស់មួយទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





