គ.ជ.ប ៖ ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ មានចំនួន ១១ ៣៧៤ ៩៥៣ នាក់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦
ឯកឧត្តម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានបញ្ជាក់ថា ផ្តើមចេញពីកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ និងក្រសួង ស្ថាប័នពាក់ព័ន្ធ និងដោយមានកិច្ចខិតខំប្រឹងប្រែងពីមន្រ្តីលេខាធិការដ្ឋានរាជធានី ខេត្តរៀបចំការបោះឆ្នោត និងក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស គ.ជ.ប បានទទួលលទ្ធផលល្អក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មាន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៦ នេះ ដែលក្នុងនោះ ប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង មានចំនួន ១១ ៣៧៤ ៩៥៣ នាក់ ក្នុងនោះ ស្រ្តីមានចំនួន ៥ ៩៥៤ ៧៨១នាក់។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការ គ.ជ.ប ឯកឧត្ដមអនុប្រធាន គ.ជ.ប បានឱ្យដឹងថា ចំនួនប្រជាពលរដ្ឋទើបដល់អាយុ ១៨ឆ្នាំ មានចំនួន ១៩៤៨២៣ នាក់។ ចំនួនប្រជាពលរដ្ឋប៉ាន់ស្មានដែលអាចមកចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០២៦ មានចំនួន ៤១២ ៣៤៥ នាក់ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានឆ្នាំ២០២៦ មានចំនួន ២៤ ៣៥៣ ការិយាល័យ។

ឯកឧត្ដមបានគូសបញ្ជាក់ថា ស្ថិតិប្រជាពលរដ្ឋ ចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មាន និងបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោត និងការិយាល័យបោះឆ្នោត នឹងត្រូវធ្វើការផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៦ខាងមុខនេះ នៅលើអាសយដ្ឋានវេបគ.ជ.បwww.nec.gov.khនិងកម្មវិធីទូរសព្ទឆ្លាត (Mobile App) NEC KH។ លើសពីនេះ គ.ជ.ប ក៏បានចាត់ លធ.ខប និងកបឃ.ស ឱ្យថតចម្លង និងបិទផ្សាយព្រមគ្នាជាសាធារណៈនូវបញ្ជីទាំងនេះ នៅសាលាឃុំសង្កាត់និងនៅទីប្រជុំជនមួយចំនួនក្នុងឃុំសង្កាត់ផងដែរ។ ចំពោះគណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល អ្នកសង្កេតការណ៍បោះឆ្នោតនិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មានសិទ្ធិស្នើសុំពី គ.ជ.ប នូវបញ្ជីឈ្មោះទីតាំងការិយាល័យចុះឈ្មោះបោះឆ្នោតនិងការិយាល័យបោះឆ្នោត នៃឃុំសង្កាត់មួយឬច្រើនដោយត្រូវបង់ថ្លៃត្រឹមតម្លៃផលិតបន្ទាប់ពីពេលដែលបញ្ជីនេះត្រូវបានបោះពុម្ពផ្សាយ។

សូមរម្លឹកដែរថា ចំនួនប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២៥ មានចំនួន ១០ ១៦២ ២៣២ នាក់៕
ដោយ៖ ជឹម ណារី





