សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ --
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា សាធារណរដ្ឋកូរ៉េ គឺជាដៃគូមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយជាពិសេសនោះគឺការវិនិយោគតែម្ដង ដែលប្រទេសទាំងពីរកំពុងតែសហការគ្នាល្អ នៅក្នុងកិច្ចសហការដ៏មានសារៈសំខាន់។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Kim Jin-pyo អតីតប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។
ក្នុងជំនួបនោះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបជាមួយនឹងឯកឧត្តមជាថ្មីក្នុងដំណើរអញ្ជើញមកកាន់ប្រទេសកម្ពុជានៅពេលនេះ។ សម្ដេចតេជោបានចាត់ទុកដំណើររបស់ឯកឧត្តមមកកាន់កម្ពុជា គឺជាផ្នែកមួយនៃការពូនជ្រុំទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េឱ្យកាន់តែរីកចម្រើន។


ជាមួយគ្នានេះ ឯកឧត្តម Kim Jin-pyo បានសម្ដែងនូវការអរគុណដែលសម្ដេចបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ ឯកឧត្តមបានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េនៅពេលបច្ចុប្បន្ន កំពុងតែមានភាពល្អប្រសើរ ហើយសង្ឃឹមថា អ្នកទេសចររបស់កូរ៉េ នឹងមកទស្សនាប្រទេសកម្ពុជាកាន់តែច្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បានសង្កេតឃើញអ្នកវិនិយោគរបស់កូរ៉េ ចាប់អារម្មណ៍មកវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ផងដែរ។

សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទីបានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់ឯកឧត្តម Kim Jin-pyo ជាពិសេសសម្ដេចសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំរីកចម្រើន។ បន្ថែមពីលើនេះសម្ដេចតេជោក៏ជំរុញឱ្យឯកឧត្តមអតីតប្រធានរដ្ឋសភាធ្វើយ៉ាងណាឱ្យអ្នកវិនិយោគរបស់ប្រទេសកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជា កាន់តែច្រើនផងដែរ។ សម្ដេចតេជោបានបន្ថែមថា កូរ៉េ គឺជាដៃគូមួយនៃកិច្ចសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា នៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម ហើយជាពិសេសនោះគឺការវិនិយោគតែម្ដង ដែលប្រទេសទាំងពីរកំពុងតែសហការគ្នាល្អ នៅក្នុងកិច្ចសហការដ៏មានសារៈសំខាន់៕
ដោយ៖ ជឹម ណារី





