ឯកឧត្តម សុខ លូ បង្ហាញទស្សនៈវិស័យ រៀបចំក្រុងបាត់ដំបងឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃ ស្អាត បៃតង
AKP បាត់ដំបង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបង្ហាញទស្សនៈវិស័យក្នុងការរៀបចំក្រុងបាត់ដំបង ឱ្យក្លាយទៅជាទីក្រុងដែលឆ្លាតវៃ ស្អាត បៃតង និងអាចដើរបាន ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងបង្កើនការទាក់ទាញភ្ញៀវទេសចរ។ ឯកឧត្តម បានណែនាំដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ យុវជន និងសិស្សានុសិស្ស ត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបងមានប្រសាសន៍ដូចនេះ នៅពេលអញ្ជើញជាអធិបតីក្នុងទិវាសំអាតពិភពលោកលើកទី៩ ឆ្នាំ២០២៦ ក្រោមប្រធានបទ ៥ភាគរយ នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ ដែលទិវានេះធ្វើឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅបរិវេណអនុវិទ្យាល័យសោហឺ ក្រុងបាត់ដំបង។ ទិវាសំអាតពិភពលោកធ្វើឡើងដើម្បីជំរុញឱ្យមានការចូលរួមសំអាតសំណល់ប្លាស្ទិក និងបញ្ជ្រាបការយល់ដឹងអំពីផលប៉ះពាល់នៃការកើនឡើងបរិមាណសំណល់ប្លាស្ទិកលើភពផែនដី និងគាំទ្រដល់ចក្ខុវិស័យនៃយុទ្ធនាការរបស់ក្រសួងបរិស្ថាន ”ស្អាត បៃតង និងចីរភាព”។

យុទ្ធនាការនេះនឹងចូលរួមគាំទ្រដល់គោលបំណងនៃគម្រោងសេដ្ឋកិច្ចចរន្តប្លាស្ទិករបស់ UNDP តាមរយៈការកាត់បន្ថយ ប្រមូល បែងចែក កែច្នៃ និងគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយការទទួលខុសត្រូវ។ គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តដាំដើមឈើឱ្យបានច្រើននៅតាមទីប្រជុំជន និងតាមដងផ្លូវនៅតាមបណ្ដាក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តបាត់ដំបង។

សូមរំឭកថា រដ្ឋបាលខេត្តបាត់ដំបងបានចាប់ផ្ដើមបើកយុទ្ធនាការ «ផ្ទះមួយខ្នង ដើមឈើមួយដើម» នៅគ្រប់ ក្រុង-ស្រុកទូទាំងខេត្តកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។ យុទ្ធនាការនេះ បាន និងកំពុងអនុវត្តន៍ជាបន្តបន្ទាប់ដើម្បីបណ្ដុះស្មារតីស្រឡាញ់បរិស្ថានបៃតង មានឆន្ទៈចូលរួមដាំដើមឈើ និងថែទាំដើមឈើដែលបានដាំហើយឱ្យបានលូតលាស់ល្អ សំដៅលើកកម្ពស់សោភណភាព បរិស្ថានបៃតង និងទុកជាគុណប្រយោជន៍សម្រាប់អ្នកជំនាន់នេះ និងអ្នកជំនាន់ក្រោយ៕

ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





