សន្តិភាព និងចំណេះដឹងសង្គ្រោះបឋម ជាមូលដ្ឋានសំខាន់សម្រាប់សុវត្ថិភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦--សន្តិភាព និងសមត្ថភាពសង្គ្រោះបឋម ត្រូវបានគូសបញ្ជាក់ថា ជាកត្តាសំខាន់ដែលអាចជួយការពារជីវិត កាត់បន្ថយហានិភ័យ និងលើកកម្ពស់សុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋគ្រប់រូប ខណៈការវិនិយោគលើចំណេះដឹង និងជំនាញសង្គ្រោះបឋមនៅគ្រប់សហគមន៍ គឺជាការវិនិយោគដ៏មានតម្លៃសម្រាប់សង្គម។
ការគូសបញ្ជាក់នេះធ្វើឡើងក្នុងពិធីអបអរសាទរ ទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៦ ក្រោមប្រធានបទ «វិនិយោគលើសន្តិភាព និងសង្គ្រោះបឋម សម្រាប់គ្រប់ៗគ្នា គ្រប់ទីកន្លែង គ្រប់ពេលវេលា» ដែលរៀបចំឡើងនៅភូមិរង់ចាំ៤ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ដោយមានឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី។

ក្នុងឱកាសនេះ ឯកឧត្តម យូ ឡាណា បាននាំយកនូវសារដ៏ខ្ពង់ខ្ពស់របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មកអានផ្សព្វផ្សាយ និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការរួមចំណែករបស់គ្រប់ភាគីក្នុងការថែរក្សាសន្តិភាព ព្រមទាំងការបង្កើនការយល់ដឹង និងជំនាញសង្គ្រោះបឋមនៅក្នុងសហគមន៍។
ឯកឧត្តមបានលើកឡើងថា ការសង្គ្រោះបឋមមិនមែនជាជំនាញសម្រាប់តែអ្នកជំនាញផ្នែកសុខាភិបាលប៉ុណ្ណោះទេ ប៉ុន្តែជាចំណេះដឹងដែលប្រជាពលរដ្ឋគ្រប់រូបគួរតែមាន ព្រោះនៅពេលមានគ្រោះថ្នាក់ ឬស្ថានភាពបន្ទាន់ ការចេះសង្គ្រោះបឋមបានត្រឹមត្រូវ និងទាន់ពេលវេលា អាចជួយទប់ស្កាត់ការធ្ងន់ធ្ងរ និងជួយរក្សាជីវិតជនរងគ្រោះ មុនពេលទទួលបានការព្យាបាលពីបុគ្គលិកសុខាភិបាល។

ជាមួយគ្នានេះ ការលើកកម្ពស់សន្តិភាព និងការផ្សព្វផ្សាយចំណេះដឹងសង្គ្រោះបឋម គឺជាការងារដែលត្រូវការការចូលរួមពីគ្រប់ស្រទាប់សង្គម ចាប់ពីថ្នាក់មូលដ្ឋាន សាលារៀន គ្រួសារ សហគមន៍ រហូតដល់ស្ថាប័ន និងអង្គការពាក់ព័ន្ធ ដើម្បីធានាថាប្រជាពលរដ្ឋអាចទទួលបានចំណេះដឹង និងជំនាញចាំបាច់សម្រាប់ការពារខ្លួន និងជួយអ្នកដទៃនៅពេលមានហេតុការណ៍បន្ទាន់។
ដោយឡែក ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ពីសារៈសំខាន់នៃការរៀបចំទិវានេះនៅក្នុងមូលដ្ឋាន ដើម្បីផ្សព្វផ្សាយ និងបណ្តុះការយល់ដឹងរបស់ប្រជាពលរដ្ឋអំពីសន្តិភាព សុវត្ថិភាព ការថែទាំសុខភាព និងវិធីសាស្ត្រសង្គ្រោះបឋម ដែលអាចអនុវត្តបានក្នុងជីវភាពប្រចាំថ្ងៃ។

ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិក សមាជិកា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា ព្រមទាំងប្រជាពលរដ្ឋ ឱ្យបន្តចូលរួមក្នុងសកម្មភាពមនុស្សធម៌ និងការងារសង្គ្រោះបឋម ដោយចាត់ទុកថា ការចេះជួយគ្នា និងការរួមគ្នាកសាងសហគមន៍ប្រកបដោយសុវត្ថិភាព គឺជាកម្លាំងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។
ទិវាសន្តិភាពអន្តរជាតិ និងទិវាពិភពលោកសង្គ្រោះបឋម ឆ្នាំ២០២៦ ក្រោមប្រធានបទខាងលើ ក៏ជាឱកាសសម្រាប់រំលឹកដល់សាធារណជនថា សន្តិភាពមិនត្រឹមតែមានន័យថា អវត្តមាននៃសង្គ្រាម ឬអំពើហិង្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្កើតបរិយាកាសដែលមនុស្សគ្រប់រូបអាចរស់នៅដោយសុវត្ថិភាព មានសុខភាពល្អ និងអាចជួយគ្នាទៅវិញទៅមកនៅពេលមានគ្រោះអាសន្ន។
ស្របតាមស្មារតីនេះ ការវិនិយោគលើសន្តិភាព និងការសង្គ្រោះបឋម ត្រូវបានចាត់ទុកជាការវិនិយោគលើជីវិតមនុស្ស ព្រោះសហគមន៍ដែលមានសន្តិភាព និងប្រជាពលរដ្ឋមានចំណេះដឹងសង្គ្រោះបឋម នឹងមានសមត្ថភាពកាន់តែប្រសើរក្នុងការទប់ស្កាត់ហានិភ័យ ឆ្លើយតបនឹងគ្រោះអាសន្ន និងជួយគ្នាក្នុងគ្រាលំបាក។

ពិធីនេះមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ សមាជិក សមាជិកានៃគណៈកម្មាធិការសាខា និងអនុសាខាកាកបាទក្រហមកម្ពុជា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានបង្ហាញពីការចូលរួម និងការគាំទ្រចំពោះសកម្មភាពមនុស្សធម៌ និងការលើកកម្ពស់សន្តិភាពនៅតាមសហគមន៍មូលដ្ឋាន៕
ដោយ ឈុន សារ៉ាត





