ទេសចរជាង១ពាន់នាក់ ចូលរួមជិះកង់នៅអង្គរដើម្បីអបអរសាទរសមរាត្រី និងផ្សព្វផ្សាយទេសចរណ៍រដូវបៃតង
AKP សៀមរាប ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦--ភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណ ១ ២០០នាក់បានចូលរួមព្រឹត្តិការណ៍ជិះកង់នៅលើទឹកដីអង្គរ នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦នេះ ដើម្បីអបអរសាទរព្រឹត្តិការណ៍សមរាត្រី និងចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍របស់ខេត្តសៀមរាបក្នុងរដូវកាលបៃតងនេះ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តសៀមរាប ក្រោមប្រធានបទ «កីឡាផ្សាភ្ជាប់នឹងទេសចរណ៍» ក្នុងគោលបំណងជំរុញការធ្វើដំណើរកម្សាន្ត បង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍អង្គរ និងអបអរសាទរព្រឹត្តិការណ៍សមរាត្រី ដែលជាបាតុភូតធម្មជាតិ និងវប្បធម៌ដ៏ពិសេសមួយរបស់តំបន់អង្គរ។


ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានកោតសរសើរចំពោះការចូលរួមយ៉ាងសកម្មរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានរួមចំណែកផ្សព្វផ្សាយសក្តានុពលទេសចរណ៍ខេត្តសៀមរាបទៅកាន់ពិភពលោក តាមរយៈសកម្មភាពទេសចរណ៍ និងការចែករំលែកបទពិសោធន៍ពីការធ្វើដំណើររបស់ពួកគេ។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា ព្រឹត្តិការណ៍ជិះកង់នេះនឹងត្រូវរៀបចំជាប្រចាំជាព្រឹត្តិការណ៍អមសមរាត្រី ដែលកើតឡើង២ដងក្នុងមួយឆ្នាំ គឺនៅខែមីនា និងខែកញ្ញា។ ក្រៅពីការជិះកង់ ក៏មានសកម្មភាពអមផ្សេងទៀត រួមមានការដើរកម្សាន្តនៅឧទ្យានជាតិព្រះជ័យវរ្ម័ន-ភ្នំគូលែន និងកម្មវិធីដើរទស្សនាសមរាត្រី ដែលនឹងរៀបចំបន្តនៅថ្ងៃបន្ទាប់។

ជាមួយគ្នានេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ក្នុងរដូវកាលបៃតងនេះ គឺជាឱកាសដ៏ល្អក្នុងការបង្ហាញពីសម្រស់ធម្មជាតិ ភាពបៃតង និងបរិយាកាសដ៏ស្រស់ស្អាតនៃតំបន់អង្គរ ព្រមទាំងជំរុញឱ្យភ្ញៀវទេសចរមកទស្សនាកាន់តែច្រើន។ លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ អាជ្ញាធរពាក់ព័ន្ធ ក្រុមការងារគ្រប់លំដាប់ថ្នាក់ និងភ្ញៀវទេសចរទាំងអស់ ដែលបានចូលរួមគាំទ្រ និងសហការធ្វើឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕

ដោយ ឃុត សៅ





