ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា លើកបង្ហាញយុទ្ធសាស្ត្រគន្លឹះ ឆ្ពោះទៅធ្វើម្ចាស់ផ្ទះ កីឡាយុវជនអាស៊ី ឆ្នាំ២០៣១
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានលើកបង្ហាញយុទ្ធសាស្ត្រគន្លឹះសំខាន់ៗ ដើម្បីត្រៀមឆ្ពោះទៅទទួលរៀបធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។

សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារបន្តឆមាសទី២ ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តមអភិសន្តិបណ្ឌិតបានសង្កត់ធ្ងន់ដោយបានណែនាំឱ្យថ្នាក់ដឹកនាំ និងក្រុមការងារសហព័ន្ធទូកទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់លើការរៀបចំផែនការត្រៀមលក្ខណៈជ្រើសរើសកីឡាករកីឡាការិនីថ្នាលវ័យ ក្មេង ដើម្បីជ្រើសរើសយកមកបណ្តុះបណ្តាលត្រៀមខ្លួនចូលរួមការប្រកួតកីឡាយុវជនអាស៊ី ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០៣១។ ឯកឧត្តមប្រធានក៏បានបង្ហាញពីគន្លឹះមួយចំនួន ដើម្បីឱ្យការត្រៀមខ្លួនទទួលបានគុណវុឌ្ឍខ្ពស់ក្នុងការប្រកួតប្រជែង រួមមាន៖ សហព័ន្ធត្រូវតែបង្កើនការផ្សព្វផ្សាយដល់យុវជនតាមគ្រឹះស្ថានសិក្សា និងតាមបណ្តាខេត្តនានា ដើម្បីបញ្ជ្រាបការស្រឡាញ់ចូលចិត្តកីឡា ដែលជួយឱ្យយើងទទួលបាននូវធនធានប្រកបដោយគុណភាព។

ឯកឧត្តមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំឱ្យថ្នាក់ដឹកនាំសហព័ន្ធទាំងអស់ត្រូវតែសម្លឹង និងយកចិត្តទុដាក់លើការជ្រើសរើសកីឡាករកីឡាការិនី ដោយមើលទៅលើអង្គភាពកងទ័ពជើងទឹក និងអង្គភាពនរគបាលជើងទឹក ដើម្បីឱ្យអង្គភាពទាំងនោះ ជ្រើសរើសកីឡាករ កីឡាការិនី ថ្នាលត្រឹមអាយុ១៣ទៅ១៤ឆ្នាំមកបណ្តុះបណ្តាលឱ្យខ្លាំងពូកែ លុះដល់ឆ្នាំ២០៣០ និង២០៣១ គឺយើងមានធនធានគ្រប់អាយុប្រកួតប្រជែងតែម្តង។

បន្ថែមលើយុទ្ធសាស្រ្តគន្លឹះទាំងនោះ ដើម្បីទទួលបាននិរន្តរភាព និងទទួលបានលទ្ធផល ឯកឧត្តម អភិសន្តិបណ្ឌិតក៏បានលើកបង្ហាញនូវផែនការធំៗចំនួន៤ចំណុច រួមមាន៖ រៀបចំផែនការប្រកួតឱ្យត្រូវតាមនិយាមរបស់ការប្រកួតទូកអន្តរជាតិ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០៣១។ មន្រ្តីត្រូវចេះប្រើប្រាស់ប្រព័ន្ធស្វ័យវប្បកម្មឌីជីថល ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការទាក់ទងការងារជាតិ និងអន្តរជាតិ។ ត្រូវពង្រីកវិសាលភាពក្នុងការគ្រប់គ្រង ដោយដកពិសោធន៍ពីកម្រិតមូលដ្ឋាន អំពីគុណផលកម្រិតទាបរបស់កីឡាករ កីឡាការិនី ហើយវាយតម្លៃជាប្រចាំថ្ងៃចំពោះគុណផលនៃការហ្វឹកហាត់របស់ពួកគេ។

ក្នុងនោះដែរ ឯកឧត្តមប្រធានក៏ត្រូវមានការពិនិត្យគុណភាពផ្ទៃក្នុងជាដំណាក់កាលៗរហូតឈានទៅដល់កម្រិតយើងរៀបចំបានទាំងអស់គ្នា។ ត្រូវរៀបចំផែនការអភិវឌ្ឍប្រចាំឆ្នាំ ដែលជាទិសដៅរួមឆ្ពោះទៅឆ្នាំ២០៣១នៃព្រឹត្តិការណ៍កីឡាយុវជនអាស៊ីដែលយើងទទួលធ្វើជាម្ចាស់ផ្ទះ។ ត្រូវយកចិត្តទុកចិត្តចងក្រងប្រវត្តិសហព័ន្ធជាបណ្តាល័យឌីជីថល ដោយផ្តោតលើព្រឹត្តិការណ៍ប្រកួត និងប្រវត្តិរបស់ថ្នាក់ដឹកនាំ។ ឯកឧត្តមអភិសន្តិបណ្ឌិតបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការពន្លឿនការអភិវឌ្ឍ និងឈានទៅដោះស្រាយបញ្ហាប្រឈមមួយចំនួន ដែលជាកង្វះខាតរបស់សហព័ន្ធក្នុងការបណ្តុះបណ្តាលកីឡាករកីឡាការិនី។
គួរបញ្ជាក់ថា កិច្ចប្រជុំនេះបានធ្វើឡើងក្នុងគោលបំណងពិនិត្យ និងវាយតម្លៃចំពោះវឌ្ឍនៈភាពការងារក្នុងឆមាសទី១ និងបន្តទិសដៅឆមាសទី២ ដើម្បីស្វែងរកធាតុចូល ឈានឆ្ពោះទៅរកសក្កានុពលប្រកបដោយគុណភាពទាំងធនធានមនុស្ស ការហ្វឹកហាត់ ការរៀបចំព្រឹត្តិការណ៍ប្រកួតតាមស្តង់ដារអន្តរជាតិ និងការចេញទៅប្រកួតរបស់កីឡាករកីឡាការិនីនៅក្រៅប្រទេស។ ឯកឧត្តម សរ សិទ្ធិ អនុប្រធានទី២ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារឆមាសទី១ និងកញ្ញា មាស តឿ អគ្គហេរញ្ញិក បានបង្ហាញនូវរបាយការហិរញ្ញវត្ថុផងដែរ៕
ដោយ ហេង ណាលីន





