រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ កម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាការបង្ហាញឆន្ទៈនយោបាយ និងការទទួលខុសត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ -- កម្ពុជា នឹងធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ»។

ឯកឧត្ហម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ថា កម្ពុជា រៀបចំសន្និសីទនេះមិនមែនគ្រាន់តែជាការរៀបចំព្រឹត្តិការណ៍អន្តរជាតិមួយប៉ុណ្ណោះទេ តែវាជាការបង្ហាញឆន្ទៈនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា បង្ហាញអំពីការទទួលខុសត្រូវ និងបង្ហាញភាពបើកចំហយ៉ាងសំខាន់បំផុត ក៏ជាការអំពាវនាវដល់ប្រទេសដទៃទៀតឱ្យមានសកម្មភាពរួមរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនូវការឆបោកតាមប្រព័ន្ធ បច្ចេកវិទ្យា។ ការថ្លែងបញ្ជាក់របស់ឯកឧត្ដមរដ្ឋមន្រ្ដីបែបនេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ “សន្និសីទអន្ដរជាតិស្ដីពីការប្រយុទ្ធប្រឆាំងការឆបោកតាមបច្ចេកវិទ្យា” ដែលបានរៀបចំឡើង នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងព័ត៌មាន។

ឯកឧត្ដម នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាវាជាបញ្ហារួមរបស់តំបន់ និងនៅលើពិភពលោក។ ឯកឧត្តមរដ្ឋមន្រ្ដីបានបញ្ជាក់ថា កម្ពុជា ទទួលស្គាល់ថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាជាបញ្ហាធ្ងន់ធ្ងរ ហើយកម្ពុជា ក៏ជាប្រទេសដែលរងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែរនេះដែរ។ ទន្ទឹមនេះ កម្ពុជាក៏ប្រឈមបញ្ហា និងក៏កំពុងចាត់វិធានការក្នុងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «កម្ពុជា បានបើកសហការជាមួយនឹងពិភពលោក ដើម្បីដោះស្រាយបញ្ហានេះដូចជា ជាមួយប្រទេសចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្រ្តាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន និងបណ្តាប្រទេសដទៃទៀត»។

ជាមួយគ្នានេះ ឯកឧត្តម ម៉ុក ច័ន្ធសុធា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាអនុប្រធានអនុគណៈ កម្មាធិការខ្លឹមសារបានឱ្យដឹងថា បញ្ហាស្គេមអនឡាញជាបញ្ហាស្មុគ្រស្មាញប្រទាក់ក្រឡា បណ្តាញអង្គការចាត់តាំង ពីប្រទេសមួយទៅប្រទេសមួយទៀត ជាបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ហេតុនេះហើយទើបប្រមុខរាជដ្ឋាភិបាលសម្រេចរៀបចំជាសន្និសីទ្ធអន្តរជាតិនេះឡើង ដើម្បីប្រមូលនូវមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសក៏ដូចជាអ្នករៀបចំគោលនយោបាយ មន្រ្តីអនុវត្តន៍ច្បាប់ មកអង្គុយជាមួយគ្នា ធ្វើការពិភាក្សា និងការលើកជាទស្សនៈទានក្នុងការប្រយុទ្ធប្រឆាំងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឯកឧត្ដមរដ្ឋលេខាធិការបន្ដថា ការរៀបចំនេះទៀតក៏មានការសហការគាំទ្រពីបណ្តាអង្គការអន្តរជាតិចំនួន៣ទៀត ផងដែរ។ ឯកឧត្ដមបានគូសបញ្ជាក់បន្ថែមថា៖ «គោលបំណងនៃការធ្វើសន្និសីទនេះដែរមានចំនួន៣ ពោលគឺ ទី១. ស្វែងយល់អំពីការវិវត្តដ៏ស្មុគស្មាញដ៏ឆាប់រហ័ស នៃបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទី២.បង្កើនកិច្ចសហប្រតិបត្តិការពីព្រោះជាបទល្មើសឆ្លងដែនមិនអាចប្រទេសណាមួយធ្វើតែឯងបានទេ។ចំណែក ទី៣. គឺការចូលរួមផ្លាស់ប្តូរបទពិសោធន៍ពីចំណុចខ្លាំង និងចំណុចខ្សោយនៃប្រតិបត្តិការ នីមួយៗ៕

ដោយ៖ មករា, រូបថត៖ សិរី ឧត្ដម





