ទស្សនៈកិច្ចសិក្សារៀនសូត្រពីការគ្រប់គ្រងដឹកនាំនិងស្វែងយល់អំពីគោល ជំហរក្នុងការជ្រើសរើសកម្មសិទ្ធិដីធ្លី បញ្ហាប្រឈមនិងតម្រូវការចាំបាច់របស់សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិងនស្រុកសណ្ដាន់
AKPកំពង់ធំថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២៦ -- អង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍ហៅកាត់ថា(AFD) និងអង្គការជនជាតិដើមភាគតិចនៅកម្ពុជាCIPOនៃគម្រោងការទទួលបានសិទ្ធិកាន់កាប់ដីធ្លី និងការការពារធនធានធម្មជាតិជនជាតិដើមភាគតិច (LAPNIR)កាលពីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២៦បានដឹកនាំគណៈកម្មការគ្រប់គ្រងដីរដ្ឋខេត្តនិងស្រុកធ្វើទស្សនៈកិច្ចសិក្សាទៅសហគមន៍ជនជាតិដើមភាគតិចភូមិងន ស្ថិតក្នុងភូមិក្បិតចង្អូខ្នារ ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ទស្សនៈកិច្ចនេះក្នុងគោលបំណងរៀនសូត្រពីការគ្រប់គ្រងដឹកនាំនិងស្វែងយល់អំពីគោលជំហរក្នុងការជ្រើសរើសកម្មសិទ្ធិដីធ្លី បញ្ហាប្រឈម និងតម្រូវការចាំបាច់របស់សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិងន។

ក្នុងដំណើរទស្សនៈកិច្ចសិក្សានេះមានការអញ្ជើញចូលរួមពីតំណាងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ តំណាងក្រសួងមហាផ្ទៃ អង្គការដៃគូ និងតំណាងគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តនៃខេត្តកំពង់ធំនិងស្រុកសណ្ដាន់ដែលមានការចូលរួមពីអាជ្ញាធរឃុំងន មេភូមិងនព្រមទាំងគណៈកម្មការ សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយភូមិងនជាច្រើននាក់។

ក្នុងឱកាសនោះដែរ លោក ហ៊ាន ហៀក អនុប្រធានសហគមន៍ជនជាតិដើមភាគតិចកួយភូមិងនបានជម្រាបពីគោលបំណងនៃការបង្កើតសហគមន៍ជនជាតិដើមភាគតិចនិងការចុះបញ្ជីដីសមូហភាព គឺដើម្បីលើកស្ទួយប្រពៃណីវប្បធម៌របស់ជនជាតិដើមភាគតិច ភាសារ ជីវភាព និងអភិរក្សធនធានធម្មជាតិ ការប្រើប្រាស់ដីប្រកដោយនិរន្តរភាព។ សហគមន៍ជនជាតិដើមភាគតិចកួយ ភូមិងន បានទទួលស្គាល់ស្វ័យអត្តស ញ្ញាណពីក្រសួងអភិវឌ្ឍន៍ជនបទ នៅឆ្នាំ ២០១៦ និងបានចុះបញ្ជីជាមួយក្រសួងមហផ្ទៃនៅឆ្នាំ២០១៧។ បច្ចុប្បន្នសហគមន៍កំពុងបន្តធ្វើការចុះបញ្ជីដីសមូហភាពជាមួយមន្ទីររៀបចំដែនដីនរគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ធំ ដែលបានដាក់ស្នើសុំតាំងពីឆ្នាំ២០១៨ មកដល់ពេលនេះនៅមិនទាន់ទទួលបាននៅឡើយ។

ក្នុងនោះសហគមន៍សំណូមពរស្នើសុំគណៈកម្មាធិការគ្រប់គ្រងដីធ្លីរដ្ឋថ្នាក់ខេត្តជួយពន្លឿនក្នុងការបន្តនិតិវិធីចុះបញ្ជីដីសមូលហភាពនេះដើម្បីជាផលប្រយោជន៍រួមរបស់បងប្អូនសហគមន៍ជនជាតិដើមភាគតិចកួយ តកូនចៅជំនាន់ក្រោយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

លោក ឆាំ ថន អភិបាលរងស្រុកសណ្ដាន់បានលើកឡើងថា ក្នុងខេត្តកំពង់ធំយើង មានតែភូមិងន ឃុំងន ស្រុកសណ្តាន់ មួយទេ ដែលបានកំពុងរៀបចំចុះបញ្ជីដីសមូលហភាព ទោះបីមានការអាកខាន និងប្រឈមបញ្ហាមួយចំនួនក៏ដោយ ក៏ទឹកចិត្តនិងការចូលរួមរបស់សមាជិកសហគមន៍ នៅតែមានសាមគ្គីភាពនិងចង់បានការចុះបញ្ជីដីជាសមូហភាព ដើម្បីរក្សាប្រពៃណី វប្បធម៌ ភាសារ និងជំនឿ ជាពិសេសការប្រើប្រាស់ដីធ្លីនិងធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព។

លោក សោម សុភ័ក្រ នាយកអង្គការសកម្មភាពដើម្បីអភិវឌ្ឍន៍(AFD)បានជម្រាប់ជូនដល់សមាជិកសហគមន៍ជនជាតិដើមភាគតិចកួយភូមិងនពីដំណើរទស្សនៈកិច្ចនេះ គឺដើម្បីស្វែងយល់និងសិក្សាបន្ថែមពីបញ្ហាប្រឈម និងស្ថានភាពជាក់ស្តែងនៅទីវាល ដើម្បីក្រុមការងារទស្សនៈកិច្ចសិក្សាធ្វើការឆ្លុះបញ្ជាំងពីលទ្ធផលនេះ ដាក់ជូនគណៈកម្មការគ្រប់គ្រងដីធ្លីរដ្ឋថ្នាក់ខេត្តដើម្បីពិគ្រោះយោបល់និងរកដំណោះស្រាយរួមគ្នា៕

ដោយ៖ ស៊ុម វណ្ណា





