ក្រសួងទេសចរណ៍ផ្សព្វផ្សាយស្តីពី «សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍» នៅខេត្តកែប
AKP កែប ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦-- លោកជំទាវ ឡុង ភិរម្យ រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍» នៅមន្ទីរទេសចរណ៍ខេត្តកែប ដោយមានការចូលរួមពីមន្ត្រីជំនាញ និងភាគីពាក់ព័ន្ធ ដោយកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពកុមារ និងការការពារកុមារពីការរំលោភបំពាន និងការកេងប្រវ័ញ្ចផ្លូវភេទ ក្នុងវិស័យទេសចរណ៍ ព្រមទាំងផ្សព្វផ្សាយអំពីក្រមសីលធម៌ និងយន្តការការពារកុមារ ដើម្បីរួមគ្នាបង្កើតបរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។

ក្នុងឱកាសនោះ លោកជំទាវ ឡុង ភិរម្យ បានលើកឡើងថា សុវត្ថិភាពកុមារក្នុងវិស័យទេសចរណ៍ ទោះបីជាជាផ្នែកមួយនៃការងារទេសចរណ៍ក៏ដោយ ក៏មានសារៈសំខាន់ក្នុងការចូលរួមការពារសិទ្ធិ និងសុខុមាលភាពរបស់កុមារ ព្រមទាំងរួមចំណែករក្សាកិត្តិនាម និងភាពទាក់ទាញរបស់គោលដៅទេសចរណ៍ ឱ្យក្លាយជាគោលដៅប្រកបដោយសុវត្ថិភាព និងភាពកក់ក្តៅសម្រាប់ភ្ញៀវទេសចរ។

លោកជំទាវបានបន្តថា កុមារត្រូវបានចាត់ទុកជាធនធានមនុស្សដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។ ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រាជរដ្ឋាភិបាលបានកំណត់ «មនុស្ស» ជាអាទិភាពចម្បង។ ដូច្នេះ ការយកចិត្តទុកដាក់លើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍរបស់កុមារ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សសម្រាប់អនាគតកម្ពុជា។ ជាមួយគ្នានេះ លោកជំទាវបានបន្ថែមថា រាជរដ្ឋាភិបាលបានចាត់ទុកកុមារជាអ្នកបន្តវេនរបស់ប្រទេសជាតិ ស្របតាមពាក្យស្លោក «កុមារជាទំពាំងស្នងឫស្សី» និង «កុមារជាសសរទ្រូងសម្រាប់ប្រទេសជាតិ»។

ទន្ទឹមនេះ លោកជំទាវបានបន្ថែមទៀតថា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ តែងលើកទឹកចិត្ត និងគាំទ្រសកម្មភាពនានា ក្នុងការលុបបំបាត់ភាពអវិជ្ជមាន និងលើកកម្ពស់ភាពទាក់ទាញនៃវិស័យទេសចរណ៍ ស្របតាមពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» និង «ពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»។

គួររំលឹកថា សម្រាប់ការងារការពារកុមារ និងការលើកកម្ពស់បរិយាកាសទេសចរណ៍ប្រកបដោយសុវត្ថិភាព ក្រសួងទេសចរណ៍បានដាក់ចេញវិធានការចាំបាច់ចំនួន២ រួមមាន វិធានការអប់រំ និងវិធានការរដ្ឋបាល ដើម្បីចូលរួមបង្ការ និងទប់ស្កាត់បញ្ហាអវិជ្ជមានក្នុងវិស័យទេសចរណ៍ ព្រមទាំងធានាឱ្យបរិយាកាសទេសចរណ៍កម្ពុជាប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងភាពទាក់ទាញ៕
ដោយ AKP





