សហគមន៍នេសាទស្រីចឹកទទួលសត្វអណ្តើកចំនួន៥៤ក្បាលពីគណៈអភិបាលខេត្តពោធិ៍សាត់ ដើម្បីយកទៅព្រលែងនៅតំបន់អភិរក្ស
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦--សហគមន៍នេសាទស្រីចឹក ជាសហគមន៍គោលដៅមួយរបស់អង្គការអភិរក្សអន្តរជាតិកម្ពុជា (អង្គការCI) ថ្មីៗនេះបានទទួលសត្វអណ្តើកចំនួន ៥៤ក្បាល ពីគណៈអភិបាលខេត្តពោធិ៍សាត់ ក្រោមការសម្របសម្រួលរបស់នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ ដើម្បីព្រលែងនៅតំបន់អភិរក្សសហគមន៍នេសាទស្រីចឹក ស្ថិតក្នុងភូមិតាម៉ៅ ឃុំកញ្ជរ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រភពពី អង្គការCI បានឱ្យដឹងនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ថា សកម្មភាពនេះបានឆ្លុះបញ្ចាំងពីទំនុកចិត្តរឹងមាំរវាងអាជ្ញាធរថ្នាក់ខេត្ត និងមូលដ្ឋានទៅលើការការពារធនធានធម្មជាតិក្នុងតំបន់ និងប្រសិទ្ធភាពនៃការប្រាស្រ័យទាក់ទង កិច្ចសហការ និងភាពជាដៃគូដ៏ជិតស្និទ្ធរវាងសហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ចាប់តាំងពីឆ្នាំ២០១៦ មក អង្គការCI បានគាំទ្រសហគមន៍នេសាទស្រីចឹកលើការពង្រឹងសមត្ថភាពស្ថាប័ន ការអភិរក្ស និងស្ដារធនធានធម្មជាតិ និងការកសាងទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។ តាមរយៈការសម្របសម្រួល និងការចូលរួមជាបន្តបន្ទាប់ សហគមន៍អាចទទួលបានការគាំទ្រផ្នែកបច្ចេកទេស ធនធាន និងកម្មវិធីអភិវឌ្ឍន៍ផ្សេងៗពីរាជរដ្ឋាភិបាល ខណៈពង្រឹងនូវទំនុកចិត្ត តម្លាភាព និងគណនេយ្យភាពរវាងសហគមន៍ និងអាជ្ញាធរផងដែរ។

ភាពជាដៃគូរវវាងសហគមន៍ និង គណៈអភិបាលខេត្តនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់លទ្ធផលអភិរក្ស ការស្ដារព្រៃលិចទឹក ក៏ដូចជាការកែលម្អជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ ៕

ដោយ ណយ នឿន (ប្រភព៖ CI)





