កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាចុះMOU ជាមួយគ្នាដើម្បីសហប្រតិបត្តិការក្នុងការគាំទ្រការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម (FASMEC)
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ម៉ាង ស៊ីណែត អភិបាល នៃគណៈអភិ បាលខេត្តព្រះសីហនុ ,ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាល ជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សារណៈ នៃការ យោគយល់គ្នារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ (កសស) និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅសាល ប្រជុំកំពង់ផែស្វយ័តក្រុងព្រះសីហនុ ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ឯកឧត្តម តែ តាំងប៉ ប្រធានសម្ព័ន្ធ (FASMEC) បានឪ្យដឹងថា ការចុះ MOU នាពេលនេះ ជាព្រឹត្តិការណ៍សំខាន់ ជាឆ្អឹងខ្នង និងជាចលករនៃសេដ្ឋកិច្ចជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ សហគ្រាសធុនតូច និងមធ្យមតែងតែជួបប្រទះលើតម្លៃដឹកជញ្ជូន ហើយកំពង់ផែជាបេះដូងនៃការដឹកជញ្ជូន កំពង់ផែជាស្ពានសម្រួលពាណិជ្ជកម្ម សម្រួលការដឹកជញ្ជូន ស្វែងរកដំណោះស្រាយ និងកាត់បន្ថយថ្លៃដឹកជញ្ជូន ការនាំចេញផលិតផលកម្ពុជា លើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញទំនិញតាមច្រកកំពង់ផែសមុទ្រ។ ភាគីទាំងពីរនឹងសហការគ្នាយ៉ាងស្អិតរមួត ដែលជាចលករថ្មីមួយទៀតក្នុងការអភិវឌ្ឍន៍វិស័យឯកជនកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម លូ គឹម ឈន់ ប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានថ្លែងថា កំពង់ផែនេះ គឺជាកំពង់ផែរបស់យើងទាំងអស់គ្នា ថ្ងៃនេះយើងបានរៀបចំចុះអនុស្សារណៈយោគយល់គ្នា ជាព្រឹត្តិការណ៍ភ្ជាប់ពាណិជ្ជកម្មអន្តរជាតិ ការនាំចេញផលិតផលកម្ពុជាទៅកាន់ពិភពលោក ដោយសារស្ថានភាពនៃការដឹកជញ្ជូនមានការកើនឡើង កំពង់ផែត្រូវបានធ្វើការអភិវឌ្ឍន៍ដូចខាងក្រោម៖
-ឆ្នាំ២០២៣ ដល់ឆ្នាំ ២០២៧ សាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី១ ប្រវែង ៣៥០ ម៉ែត្រ មានជម្រៅទឹក ១៤,៥ម៉ែត្រ កំពុងដំណើរការសាងសង់ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២៧ ។
-ឆ្នាំ២០២៦ ដល់ឆ្នាំ២០២៩ សាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី២ ប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក-១៦,៥ម៉ែត្រ គម្រោងនេះ នឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៦នេះ ។
-ឆ្នាំ២០២៧ ដល់ឆ្នាំ២០៣០ សាងសង់ចំណតផែកុងតឺន័រថ្មីជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ មានជម្រៅទឹក ១៧,៥ម៉ែត្រ គម្រោងនេះ បាន និងកំពុងផ្សព្វផ្សាយជ្រើសរើសក្រុមហ៊ុនសាងសង់ និងគ្រោងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០២៧។
ឯកឧត្តមម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុបានថ្លែងស្វាគមន៍ក្នុងពិធី ចុះអនុស្សរណៈនៃការយោគយល់គ្នារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគាំទ្រ ការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម នាពេលនេះ ដែលជាសក្ខីភាពក្នុងការតភ្ជាប់ «ទ្វារពាណិជ្ជកម្មអន្តរជាតិដ៏សំខាន់របស់កម្ពុជា» ជាមួយ «កម្លាំងចលករនៃសេដ្ឋកិច្ចមូលដ្ឋាន (SMEs)» ដើម្បីជំរុញសក្តានុពលផលិតផលខ្មែរឆ្ពោះទៅកាន់ទីផ្សារពិភពលោក។ អនុស្សរណៈនៃការយោគយល់គ្នារវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជានាពេលនេះ គឺធ្វើឡើងក្នុងគោលបំណងដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ សំដៅបង្កើនការយល់ដឹងរបស់សហគ្រាសធុនតូច និងមធ្យម អំពីនីតិវិធី និងបែបបទកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីជំរុញការសម្រួលកិច្ចពាណិជ្ជកម្ម កាត់បន្ថយចំណាយថ្លៃភស្តុភាកម្ម បង្កើនភាពងាយស្រួលដល់ការគាំទ្រការអភិវឌ្ឍន៍សមត្ថភាពប្រកួតប្រជែង និងការពង្រឹងភាពជាដៃគូរវាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងវិស័យឯកជន រួមគ្នាគាំទ្រការអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលក៏មានគោលនយោបាយ និងយន្តការជាច្រើនត្រូវបានដាក់ចេញដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម មានដូចជា យុទ្ធសាស្ត្រអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ២០២៣-២០២៨ កម្មវិធីជំរុញសហគ្រាសធុនមីក្រូ តូច និងមធ្យម ការគាំទ្រហិរញ្ញប្បទានតាមរយៈធនាគារ សហគ្រាសធុនតូច និងមធ្យម ធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា និងមូលនិធិ អភិវឌ្ឍន៍ជំនាញ ព្រមទាំងការជំរុញការធ្វើឌីជីថលូបនីយកម្ម ការបង្កើតប្រព័ន្ធអេកូឡូស៊ីសម្រាប់សហគ្រាស ធុនមីក្រូ តូច និងមធ្យម ពីការផលិតរហូតដល់ទីផ្សារដោយមានយន្តការគាំទ្រដូចជា សហគ្រិនខ្មែរនិងគេហទំព័រ Khmer SMEជាដើម។

ដើម្បីជំរុញ និងគាំទ្រការអភិវឌ្ឍន៍ខេត្តព្រះសីហនុ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» និងសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេសនេះ» រហូត ដល់ដំណាច់ឆ្នាំ២០២៧។ ជាលទ្ធផលក្រុមការងារជំរុញការវិនិយោគទទួលបានសំណើរសុំលើកទឹកចិត្តចំនួន ៥១៨គម្រោង ក្នុងនោះគម្រោងដែលទទួលបាន«លិខិតអនុញ្ញាតជាគោលការណ៍» មានចំនួន៥១១គម្រោង មានទុនវិនិយោគ សរុបប្រមាណជាង ៨ពាន់លានដុល្លារ៕
ដោយ ងូ សុមុនី





