ឯកឧត្តម នួន ផារ័ត្ន អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ៦.២៩៧បណ្ណ នៅស្រុកតាំងគោក
AKP កំពង់ធំ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មការរដ្ឋបាល អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលវត្ថុចំនួន ៦.២៩៧បណ្ណ នៅបរិវេណវត្តគុហនគរ ឃុំពង្រ ស្រុកតាំងគោក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។

លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំ ដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពង់ធំ បានលើកឡើងថា ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ដីអ្នកកាន់កាប់ដី និងស្ថាប័ន និងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិ) ដល់បងប្អូនប្រជាពលរដ្ឋចំនួន០៥ភូមិ គឺភូមិ ទ្រៀល ភូមិព្រៃវែង ឃុំទ្រៀល និងភូមិស្រះសំបូរ ភូមិថ្នល់កែង ភូមិអមទង ឃុំពង្រ ស្ថិតនៅស្រុកតាំងគោកនាពេលនេះ ដែលមានបណ្ណសរុបចំនួន ៦.២៩៧បណ្ណ ស្មើនឹង ៣.៦៨៤គ្រួសារ ក្នុងនោះរួមមាន៖ ១-ភូមិទ្រៀល មានចំនួន ៩០៦ បណ្ណ ៣៣០គ្រួសារ។ ២.ភូមិព្រៃវែង មានចំនួន ១.៣៥៨ បណ្ណ ១៩៤គ្រួសារ។ ៣. ភូមិស្រះសំបូរ មានចំនួន ១.០៤៣ បណ្ណ ៦៧០គ្រួសារ។ ៤. ភូមិថ្នល់កែង មានចំនួន ២.២៧៩ បណ្ណ ១.៩៩៥គ្រួសារ។ ៥. ភូមិអមទង មានចំនួន ៧១១ បណ្ណ ៤៩៥គ្រួសារ។

នៅក្នុងពិធីនោះ ឯកឧត្តម នួន ផារ័ត្ន បានមានប្រសាសន៍ថា ក្នុងស្មារតីជាមួយនឹងលទ្ធផលដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសម្រេចបាន គឺពិតជាសមិទ្ធផលដែលបានរួមចំណែកយ៉ាងធំធេងដល់ការអនុវត្ត និងការអភិវឌ្ឍគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ព្រោះលទ្ធផលដែលសម្រេចបានជាការរួមចំណែកការពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដីធ្លី ធ្វើឱ្យទំនាស់ដីធ្លីមានការថយចុះ។ លើសពីនេះលទ្ធផលនៃការចុះបញ្ជីដីបានពង្រឹងនូវទីផ្សារនៃការចូលរួមចំណែកបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងការប្រមូលពន្ធប្រចាំឆ្នាំលើអចលនទ្រព្យ។
នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាល បានមានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីបច្ចុប្បន្នភាពសភាពការណ៍របស់កម្ពុជា ជាពិសេសកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការការពារបូរណភាពទឹកដីកម្ពុជា និងវឌ្ឍនភាពនៃការងារផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ។

ឯកឧត្តមអភិបាលខេត្តកំពង់ធំ បានគូសបញ្ជាក់ថា ការចុះបញ្ជីដីធ្លីឱ្យបានឆាប់ និងគ្រប់ភូមិ/ឃុំ ដូចជា ជូនដំណឹងដល់បងប្អូនជាម្ចាស់ដី សហការចុះកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹកឱ្យបានច្បាស់លាស់ និងជួយសម្របសម្រួលដោះស្រាយវិវាទព្រំ ឬការដណ្តើមសិទ្ធលើក្បាលដី ព្រោះការចុះបញ្ជី ដីធ្លីនាំឱ្យមានការកំណត់ច្បាស់លាស់រវាងដីរដ្ឋ និងដីឯកជន ការកំណត់ព្រំ និងសិទ្ធលើក្បាលដី ការរៀបចំដែនដី បរិយាកាសគ្មានវិវាទ ដើម្បីចូលរួមចំណែកកាត់បន្ថយទំនាស់ និងកាត់បន្ថយភាពក្រីក្រ ព្រោះបើដីមានប្លង់កម្មសិទ្ធិគី មានការ ការពារដោយច្បាប់ ធានាដោយរដ្ឋ ហើយប្រជាពលរដ្ឋអាចយកប្លង់ទៅប្រើប្រាស់ទាញយកប្រយោជន៍ ដើម្បីលើកស្ទួយជីវភាពគ្រួសាររបស់គាត់។

ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមជាមួយក្រុមការងារ បច្ចេកទេសរបស់មន្ទីរ ក្នុងការចូលរួមពិនិត្យទិន្នន័យក្បាលដីពេលបិទផ្សាយជាសាធារណៈឱ្យបានគ្រប់ៗគ្នា ពិសេសករណីមានទំនាស់រវាងអ្នកជាប់ព្រំគួររួមគ្នាដោះស្រាយតាមវិធីសាស្ត្រឈ្នះៗទាំងអស់គ្នាដើម្បីយើងរស់នៅក្នុងភូមិឋាន ប្រកបដោយភាពសុខដុមរម្យនានិងគ្នា៕

ដោយ ស៊ុម វណ្ណា





