លោកជំទាវឯកអគ្គរដ្ឋទូតតែងតាំងថ្មីសហព័ន្ធអាល្លឺម៉ង់ ប្តេជ្ញាចិត្តលើកកម្ពស់ទំនាក់ទំនង រវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែរឹងមាំបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
លោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្តថា ក្នុងអាណត្តិរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងការលើកកម្ពស់នូវទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងជូនសារតាំ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាពនៃព្រឹទ្ធសភា។

ក្នុងជំនួបនោះ សម្ដេចតេជោ ក្នុងព្រះបរមនាមរបស់ព្រះមហាក្សត្រសូមសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលទទួលបាននូវការតែងតាំងជាឯកអគ្គរដ្ឋទូតរបស់អាល្លឺម៉ង់ប្រចាំនៅកម្ពុជា។ សម្ដេចតេជោសង្ឃឹមថាវត្តមានរបស់លោកជំទាវនឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជានិងអាល្លឺម៉ង់កាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត។

ជាមួយគ្នានេះ លោកជំទាវ Silke Röfer បានសម្ដែងនូវការអរគុណចំពោះសម្ដេចតេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវបានចូលជួប និងជូនសារតាំងនាឱកាសនេះ។ លោកជំទាវបានលើកឡើងថា ក្នុងបេសកកម្មរបស់លោកជំទាវ លោកជំទាវនឹងខិតខំប្រឹងប្រែងក្នុងការជំរុញនូវវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ជាពិសេស ទាក់ទាញធុរជន របស់អាល្លឺម៉ង់ឱ្យមកវិនិយោគនៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តចំពោះការលើកឡើងរបស់លោកជំទាវ ជាពិសេសសម្ដេចបានពេញចិត្តទៅលើការពង្រឹងលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងការវិនិយោគ។ សម្ដេចចាត់ទុកថា សេដ្ឋកិច្ចពាណិជ្ជកម្ម និងការវិនិយោគនេះឯង គឺជាចំណុចស្នូលនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយសម្ដេចក៏ពេញចិត្តផងដែរ ចំពោះពាណិជ្ជកម្មរបស់ប្រទេសទាំងពីរនាពេលកន្លងមកនេះ ដែលមានការកើនឡើងជាបន្តបន្ទាប់។ អាល្លឺម៉ង់ គឺជាប្រទេសមួយ ជាដៃគូដ៏សំខាន់របស់កម្ពុជា ក្នុងការធ្វើពាណិជ្ជកម្មនៅក្នុងតំបន់អឺរ៉ុប ដែលកន្លងទៅទំហំពាណិជកម្មរវាងប្រទេសទាំងពីរ គឺមានរហូតដល់៣ពាន់លានដុល្លារអម៉េរិក ហើយនឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត៕
ដោយ៖ ជឹម ណារី





