មនុស្ស ៥២នាក់ត្រូវបានជួយសង្គ្រោះ និងយ៉ាងហោចណាស់ ២៥នាក់ទៀតបានបាត់ខ្លួន បន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងបានលិចនៅក្បែរកោះហ្គាវដូស របស់ប្រទេសក្រិក
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ -- យោងតាមការរាយការណ៍របស់ស្ថានីយ៍ទូរទស្សន៍ជាតិក្រិក ERT បានឱ្យដឹងថា ប្រតិបត្តិការស្វែងរកនិងជួយសង្គ្រោះទ្រង់ទ្រាយធំមួយត្រូវបានធ្វើឡើងកាលពីយប់ថ្ងៃអាទិត្យបន្ទាប់ពីទូកដឹកជនអន្តោប្រវេសន៍មួយគ្រឿងដែលមានមនុស្សយ៉ាងហោចណាស់ ៧៧នាក់នៅលើនោះ បានក្រឡាប់ និងលិចនៅចម្ងាយប្រហែល ៣៨ម៉ាយល៍ពីសមុទ្រ ភាគខាងត្បូងនៃកោះហ្គាវដូស ដែលជាកោះមួយរបស់ប្រទេសក្រិក ស្ថិតនៅភាគខាងត្បូងកោះក្រេតេ។
អាជ្ញាធរក្រិកបានឱ្យដឹងថា មនុស្សចំនួន ៥២នាក់ត្រូវបានជួយសង្គ្រោះខណៈដែលយ៉ាងហោចណាស់ ២៥នាក់ទៀតនៅតែបន្តបាត់ខ្លួន។មនុស្សម្នាក់ត្រូវបានគេប្រទះឃើញក្នុងស្ថានភាពសន្លប់។
នាវាជាច្រើនគ្រឿងមកពីកងការពារឆ្នេរសមុទ្រក្រិក និងទីភ្នាក់ងារការពារព្រំដែន និងឆ្នេរសមុទ្រអឺរ៉ុប (Frontex) ព្រមទាំងឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសក្រិក និងយន្តហោះរបស់ Frontex បានចូលរួមនៅក្នុងប្រតិបត្តិការជួយសង្គ្រោះនេះ។
ទូកនោះត្រូវបានរាយការណ៍ថាបានក្រឡាប់ ហើយបន្ទាប់មកក៏បានលិច។ អាជ្ញាធរក្រិកមិនទាន់បានបញ្ចេញព័ត៌មានអំពីប្រភេទជាក់លាក់នៃទូកឬសញ្ជាតិរបស់អ្នកដែលនៅលើទូកនោះនៅឡើយទេ។
កោះហ្គាវដូស គឺជាកោះដែលមានមនុស្សរស់នៅស្ថិតនៅចំណុចខាងត្បូងបំផុតរបស់ប្រទេសក្រិក និងស្ថិតនៅភាគខាងត្បូងកោះក្រេតេ ក្នុងសមុទ្រលីប៊ី។ តំបន់ទឹកនៅភាគខាងត្បូងនៃកោះនេះបានក្លាយជាផ្លូវដ៏សំខាន់មួយសម្រាប់ទូកដឹកជនអន្តោប្រវេសន៍ដែលធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសក្រិកចេញពីតំបន់អាហ្វ្រិកខាងជើង៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





