កម្មវិធីបណ្តុះបណ្តាល «សារព័ត៌មាននៅសមរភូមិ» លើកទី៣០ នៅប្រទេសតួកគីបានចាប់ផ្តើម
AKP អង់ការ៉ា ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ -- កម្មវិធីបណ្តុះបណ្តាល«សារព័ត៌មាននៅសមរភូមិ»លើកទី៣០ ដែលរៀបចំឡើងដោយទីភ្នាក់ងារសារព័ត៌មានអាណាដូលូ (AA) បណ្ឌិត្យសភានគរបាលតួលគី និងទីភ្នាក់ងារសហប្រតិបត្តិការ និងអភិវឌ្ឍន៍តួកគី (TIKA) ដើម្បីបណ្តុះបណ្តាលអ្នកសារព័ត៌មានដែលនឹងធ្វើការក្នុងស្ថានភាពសង្គ្រាម គ្រោះមហន្តរាយ និងគ្រាអាសន្ន បានចាប់ផ្តើមហើយ នៅទីក្រុងអង់ការ៉ា ប្រទេសតួកគី កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។
លោក Oğuz Enis Peru អនុប្រធានគ្រប់គ្រងទូទៅផ្នែករដ្ឋបាល និងហិរញ្ញវត្ថុនៃទីភ្នាក់ងារសារព័ត៌មាន AA បាននិយាយថា លោកមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការបើកកម្មវិធីបណ្តុះបណ្តាលលើកទី៣០នេះ ដែលទីភ្នាក់ងារបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។
លោកបានសង្កត់ធ្ងន់ថា សម្រាប់អ្នកសារព័ត៌មានដែលធ្វើការក្នុងសង្គ្រាម ជម្លោះ គ្រោះមហន្តរាយធម្មជាតិ និងតំបន់វិបត្តិ ពិតជាមានសារៈសំខាន់ណាស់មិនត្រឹមតែក្នុងការផ្តល់ព័ត៌មានត្រឹមត្រូវដល់សាធារណជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវវាយតម្លៃអំពីហានិភ័យនៅនឹងកន្លែង និងធានាសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេផងដែរ។ លោកបានបន្ថែមថា«ទីភ្នាក់ងារ AA កំពុងដំណើរការកម្មវិធីមួយនេះ ដែលមានគោលបំណងផ្តល់ចំណេះដឹងដល់អ្នកសារព័ត៌មាន ដែលអាចត្រូវការវាក្នុងកាលៈទេសៈពិសេសតាមរយៈការអនុវត្តជាក់ស្តែង»។
លោក Peru បានបញ្ជាក់ថា តំណាងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងបរទេសចំនួន ៦៥៤នាក់ហើយដែលបានទទួលអត្ថប្រយោជន៍ពីកម្មវិធីបណ្តុះបណ្តាលនេះ ដែលបានធ្វើឡើង ២៩វគ្គរួចហើយរហូតមកដល់ពេលនេះ
ក្នុងចំណោមនោះ អ្នកសារព័ត៌មានចំនួន ៣៣៤នាក់ ជាបុគ្គលិករបស់ទីភ្នាក់ងារសារព័ត៌មានអាណាដូលូ និង ៣២០នាក់ជាតំណាងប្រព័ន្ធផ្សព្វផ្សាយមកពីខាងក្រៅទីភ្នាក់ងារ។ តួយ៉ាង កម្មវិធីបណ្តុះបណ្តាលឆ្នាំនេះមានអ្នកសារព័ត៌មានចូលរួមចំនួន ២៥នាក់ ដោយក្នុងចំណោមនោះអ្នកសារព័ត៌មានចំនួន ០៩នាក់ មកពីទីភ្នាក់ងារ AA និងអ្នកសារព័ត៌មានចំនួន១៦នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលរួមមាន ប្រទេសកម្ពុជា ឡាវ ម៉ាឡេស៊ី វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និងប៉ាពួញូហ្គីណេ។
ក្នុងរយៈពេល ១២ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ គ្របដណ្តប់ទៅលើអ្វីៗគ្រប់យ៉ាងចាប់តាំងពីទ្រឹស្តីសង្គ្រាម និងពាក្យបច្ចេកទេស រហូតដល់ច្បាប់សង្គ្រាម ជំនួយសង្គ្រោះបឋម រហូតដល់បច្ចេកទេសបើកបរកម្រិតខ្ពស់គ្រឿងផ្ទុះផ្លោង រហូតដល់មីន សុវត្ថិភាពផ្ទាល់ខ្លួន រហូតដល់ការរស់រានមានជីវិតពីទឹក។ ការបណ្តុះបណ្តាលនេះក៏នឹងរួមបញ្ចូលនូវប្រធានបទដែលឆ្លើយតបដោយផ្ទាល់ទៅនឹងតម្រូវការនៃវិស័យសព្វថ្ងៃនេះផងដែរ ដូចជាបច្ចេកវិទ្យា និងសន្តិសុខផលិតកម្មព័ត៌មានក្នុងស្ថានភាពអាសន្ន ការការពារប្រឆាំងនឹងព័ត៌មានមិនពិត ការការពារប្រឆាំងនឹងយន្តហោះគ្មានមនុស្សបើកFPV ចិត្តវិទ្យាសង្គ្រាម និងការរាយការណ៍ពីគ្រោះមហន្តរាយធម្មជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី





