បើកសិក្ខាសាលាស្តីពី «ការសរសេរអត្ថបទ និងការថតរូប» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត អឿង ចន្ថា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការសរសេរអត្ថបទ និងការថតរូប» សម្រាប់គម្រោងកែលម្អសន្តិសុខទឹកកម្ពុជា ដែលបានរៀបចំឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញនាថ្ងៃអង្គារទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានលើកឡើងថា សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពមន្ត្រីអនុវត្តគម្រោង និងភាគីពាក់ព័ន្ធលើជំនាញសំខាន់ៗចំនួនពីរ៖
ទី១- ការសរសេរអត្ថបទ៖ ការប្រើប្រាស់ពាក្យពេចន៍រដ្ឋបាល និងភាសាសាមញ្ញងាយយល់សម្រាប់កសិករ ព្រមទាំងការចេះដាក់ចំណងជើងព័ត៌មានខ្លី ច្បាស់លាស់ និងមានខ្លឹមសារទាក់ទាញ សម្រាប់ធ្វើសេចក្តីរាយការណ៍ជាផ្លូវការជូនថ្នាក់ដឹកនាំ សាធារណជន និងការផ្សព្វផ្សាយលើបណ្តាញសង្គម។

ទី២- ការថតរូប៖ ការប្រើប្រាស់បច្ចេកទេសថតរូបអាជីព (ការរៀបចំស៊ុមរូបភាព ពន្លឺ មុំថត និងការចាប់រូបភាពតួអង្គសំខាន់ៗ) ដើម្បីបង្កើតរូបភាពមានគុណភាពខ្ពស់សម្រាប់បោះពុម្ពផ្សាយផ្លូវការ។

ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា ការយល់ដឹងពីជំនាញសរសេរអត្ថបទ និងការថតរូប គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្តល់ព័ត៌មាន និងរូបភាពឱ្យបានត្រឹមត្រូវ ប្រកបដោយវិជ្ជាជីវៈ និងមានភាពទាក់ទាញ ក្នុងការផ្សព្វផ្សាយនូវសកម្មភាពទាំងឡាយរបស់គម្រោងដែលកំពុងអនុវត្ត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានថ្លែងអំ ណរគុណដល់សិក្ខាកាមទាំងអស់ និងបានណែនាំឱ្យមន្ត្រីគម្រោងគ្រប់លំដាប់ ថ្នាក់ ខិតខំក្រេបជញ្ជក់ចំណេះដឹងពីទីប្រឹក្សាជំនាញ ព្រមទាំងចូលរួមពិភាក្សាឱ្យបានសកម្ម ដើម្បីជាទុនក្នុងការយកទៅអនុវត្តការងារនៅមូលដ្ឋានឱ្យទទួលបានជោគជ័យ ៕
ដោយ៖ ពេជ្រ សំអឿន ,ប្រភព៖ ក្រសួងធនធានទឹក





