វេទិកាសម្ព័ន្ធសង្គមស៊ីវិល ជំរុញ ឱ្យអង្គការសង្គមស៊ីវិល ក្នុងខេត្តកំពង់ធំ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង សង្គមស៊ីវិល ឌីជីថល និងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍ក្នុងយុគសម័យឌីជីថល
AKP កំពង់ធំថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៦--វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) នៃទីស្តីការ គណៈ រដ្ឋមន្រ្តី បានសហការជាមួយ រដ្ឋបាលខេត្តកំពង់ធំ រៀបចំ វេទិកាសន្ទនាក្រោមប្រធានបទស្ដីពី «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យ ឌីជីថល»។
នាព្រឹកថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន ឡូវគឹមសេង ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន វ.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ នាយករង ខុទ្ទកាល័យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា ភិបាល វ.ស.ស. និងលោក អ៊ុង វុទ្ធី អភិបាលរង ខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិ បាលខេត្តកំពង់ធំ ដោយ មានការអញ្ជើញចូលរួម ពី អង្គការសង្គមស៊ីវិលក្នុងខេត្តនិងអាជ្ញាធរមូលដ្ឋានជាច្រើននាក់។

ក្នុងឱកាសនោះឯកឧត្តម ប៉ៃ សំបូរបានថ្លែងនូវការ កោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការជិតស្និទ្ធ រវាង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអង្គការសង្គមស៊ីវិលក្នុងខេត្តកំពង់ធំ ដែលបាន រួមគ្នាជំរុញ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅថ្នាក់មូលដ្ឋានឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។
ឯកឧត្តមបានគូសប ញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់ រាជរដ្ឋាភិបាលចំពោះ អង្គការសង្គមស៊ីវិលដែលជាដៃគូមិនអាច ខ្វះបានក្នុងការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ស្រប តាមគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិនានា ព្រមទាំង បានលើកទឹកចិត្ត ឱ្យអង្គការសង្គមស៊ីវិល ក្នុងខេត្តកំពង់ធំ បន្តចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង សង្គមស៊ីវិល ឌីជីថលនិងទប់ស្កាត់ព័ត៌មានក្លែងក្លាយក្នុងសហគមន៍ ក្នុងយុគសម័យឌីជីថល។

ឯកឧត្តមបានលើកទឹកចិត្ត ដល់អង្គការសង្គមស៊ីវិល ជំរុញឱ្យយុវជនតាមសហគមន៍ ចុះឈ្មោះចូលរួម វគ្គបណ្តុះបណ្តាលជំនាញ បច្ចេកទេសនិងជំនាញវិជ្ជាជីវៈចាំបាច់ នានានៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំដើម្បីទទួលបានឱកាសការងារ នៅតាមក្រុមហ៊ុន-សហគ្រាសក្នុងមូលដ្ឋានដែលអាចជួយលើកកម្ពស់ ជីវភាព រស់នៅកាន់តែល្អប្រសើរថែមទៀត។ឯកឧត្តមបាន បញ្ជាក់ថា វ.ស.ស.នឹងបន្តថែរក្សាវប្បធម៌ សន្ទនាជាមួយអង្គការសង្គមស៊ីវិល និង ចូលរួមលើក កម្ពស់សុខដុមនីយកម្មសង្គមស៊ីវិល នៅកម្ពុជាក្រោមការ ដឹកនាំ ប្រកបដោយគតិបណ្ឌិតនិង ថាមវន្ដ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា។

ជាមួយគ្នានេះដែរលោក អ៊ុង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បានវាយតម្លៃខ្ពស់ចំពោះវេទិកាសន្ទនានាព្រឹកនេះដែលជាថ្នាលមួយដ៏សំខាន់សម្រាប់គ្រប់ភាគីពាក់ព័ន្ធជួបប្រាស័យទាក់ទងគ្នានិងផ្លាស់ប្តូរទស្សនៈយោបល់ ទៅវិញទៅមកលើកិច្ចការសំខាន់ៗ សំដៅជំរុញ និងលើកកម្ពស់លម្ហសិទ្ធិសេរីភាពនៃអង្គការសង្គមស៊ីវិល ដែលមានក្នុងមូលដ្ឋានខេត្តកំពង់ធំ ជាពិសេសលើកកម្ពស់នីតិរដ្ឋនិងប្រជាធិបតេយ្យនៅកម្ពុជា។

លោកអភិបាលរងខេត្តបានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលទាំងអស់ បន្តពង្រឹងភាពជាដៃគូល្អ ជាមួយរាជរដ្ឋាភិបាល និងបន្តចូលរួមកាន់តែសកម្មថែមទៀត ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ការអភិវឌ្ឍមូលដ្ឋាន និងការលើកកម្ពស់ជីវភាពនិងសុខុមាលភាពប្រជាពលរដ្ឋ។
ក្នុងអង្គវេទិកានេះក៏មានការធ្វើបទបង្ហាញស្តីពី«ការយល់ដឹងអំពីអក្ខរកម្ម ឌីជីថលនិងសុវត្ថិភាព តាម ប្រព័ន្ធ បច្ចេកវិទ្យាសម្រាប់អង្គការ សង្គម ស៊ីវិល» ដោយលោក ឡេង ប៊ុន្នី វាគ្មិនមកពីបណ្ឌិត្យសភា បច្ចេកវិទ្យា ឌីជីថលកម្ពុជា ដែលជាការចូលរួមចំណែករបស់ វ.ស.ស. ក្នុងការចូលរួម ផ្សព្វផ្សាយនិងលើកកម្ពស់បរិវត្តកម្ម ឌីជីថលនិងការយល់ដឹងអំពី គោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥។

ក្នុងឱកាសនេះដែរ តំណាងអង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងអង្គវេទិកាសន្ទនានេះដោយបានលើកយកនូវបញ្ហាប្រឈមនិង សំណូមពរនានា មកជជែក ពិភាក្សាដោយត្រង់ទៅត្រង់មក ដើម្បីរួមគ្នាស្វែងរកដំណោះស្រាយសមស្រប និងពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែល្អប្រសើរថែមទៀត៕
ដោយ៖ ស៊ុម វណ្ណា





