កម្ពុជាជ្រើសយក UNCLOS ដើម្បីដោះស្រាយបញ្ហាព្រំដែនសមុទ្រជាមួយថៃ ក្រោយថៃលុបចោលជាឯកតោភាគីនូវ MoU 2001 ដែលជាយន្តការចរចាទ្វេភាគីតែមួយគត់
AKP សិង្ហបុរី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាភ្នាក់ងារកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជា និងក្រុមអ្នកច្បាប់ មកដល់ទីតាំងដើម្បីចូលរួមកិច្ចប្រជុំលើកដំបូង របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅសាធារណរដ្ឋសិង្ហបុរី នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦។

កិច្ចប្រជុំលើកដំបូងនេះ ដឹកនាំដោយលោកស្រី Katrina Cooper ប្រធានគណៈកម្មការផ្សះផ្សា និងមានការចូលរួមពីសំណាក់តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ក្នុងនាមបញ្ជីការដ្ឋាន (Registry)។ ដោយឡែកភាគីថៃ ដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេស និងក្នុងនាមជាភ្នាក់ងារថៃ។

សូមរម្លឹកថា គណៈកម្មការផ្សះផ្សាក្រោម UNCLOS បានចាប់ផ្តើមបន្ទាប់ពីភាគីថៃ បានសម្រេចចិត្តលុបចោលអនុស្សរណៈ ឆ្នាំ២០០១ (MoU 2001) ស្តីពីតំបន់ទាមទារត្រួតគ្នារបស់ភាគីទាំងពីរនៅក្នុងខ្ពង់រាបបាតសមុទ្រ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៦ បើទោះជាភាគីកម្ពុជា បានស្នើជាច្រើនលើកឱ្យភាគីថៃពិចារណាឡើងវិញពីការសម្រេចចិត្តរបស់ខ្លួន។
ការសម្រេចលុបចោលអនុស្សរណៈឆ្នាំ២០០១ ជាឯកតោភាគីរបស់ថៃនេះ បានធ្វើឱ្យក្របខ័ណ្ឌនៃយន្តការចរចាទ្វេភាគីតែមួយគត់រវាងកម្ពុជា និងថៃត្រូវបញ្ចប់។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចចិត្តជ្រើសយកយន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ដែលកម្ពុជា និងថៃ ជារដ្ឋភាគីដូចគ្នា។
សូមជម្រាបផងដែរថា ការជ្រើសយកយន្តការផ្សះផ្សាដោយបង្ខំ គឺមិនមានន័យថា ជាការបង្កើនភាពតានតឹងទេ និងមិនមែនជាការបោះបង់ការចរចាទេ ប៉ុន្តែជាការនាំការចរចាចូលទៅក្នុងក្របខណ្ឌអន្តរជាតិដែលមានរចនាសម្ព័ន្ធ និងផ្អែកលើច្បាប់ ដោយមានអ្នកផ្សះផ្សារអន្តរជាតិឯករាជ្យជួយសម្របសម្រួលដល់ភាគីទាំងពីរ។

យោងតាមការជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាយក្រោម UNCLOS នេះ នឹងបើកជាសាធារណៈផ្នែកការធ្វើសេចក្តីថ្លែងការណ៍បើកដោយភាគីកម្ពុជា និងថៃ និងមានការផ្សាយផ្ទាល់តាមប្រព័ន្ធអ៊ិនធឺណិត (webcast) ជាភាសាខ្មែរ អង់គ្លេស និងថៃ ក៏ដូចជាតាមទូរទស្សន៍ជាតិកម្ពុជាផងដែរ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារកម្ពុជា នឹងធ្វើសេចក្តីថ្លែងការណ៍បើក នៅព្រឹកថ្ងៃអង្គារទី១៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៨ព្រឹក (ម៉ោងនៅកម្ពុជា)។
ដោយ ផែន រតនៈ (រូបថត៖ គល់ រ៉េននី)





