នាវាដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅប្រទេសឥណ្ឌូណេស៊ី ដោយមនុស្សប្រហែល ១៣០នាក់នៅតែបន្តបាត់ខ្លួន
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ -- ទីភ្នាក់ងារជាតិស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងកាលពីថ្ងៃអាទិត្យថា នាវាដឹកអ្នកដំណើរមួយគ្រឿងដែលបានបាត់ទំនាក់ទំនងនៅក្នុងសមុទ្រជ្វា (Java Sea) បានលិច ហើយមនុស្សប្រហែល ១៣០នាក់នៅមិនទាន់ដឹងពីជោគវាសនានៅឡើយទេ។
យោងតាមតួលេខចុងក្រោយបានឱ្យដឹងថា មនុស្សប្រហែល ១១០នាក់ត្រូវបានជួយសង្គ្រោះ ហើយយ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់។
ស្ថានកុងស៊ុលទូទៅរបស់ប្រទេសចិនប្រចាំទីក្រុងស៊ូរ៉ាបាយ៉ា បានបញ្ជាក់ប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា មិនមានពលរដ្ឋចិននៅលើនាវានោះទេ ដោយស្ថានកុងស៊ុលផ្អែកលើព័ត៌មានដែលបានផ្ទៀងផ្ទាត់ជាមួយអាជ្ញាធរពាក់ព័ន្ធនៃរដ្ឋបាលទីក្រុងស៊ូរ៉ាបាយ៉ា។
ទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះបានឱ្យដឹងថា នាវាដឹកអ្នកដំណើរឈ្មោះ Virgo Transport 8 នេះ បានដឹកមនុស្សចំនួន ២៤៣នាក់ នៅពេលដែលវាបានបាត់ទំនាក់ទំនងនៅម៉ោងប្រហែល ២:០០នាទីទៀបភ្លឺ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃអាទិត្យ បន្ទាប់ពីជួបប្រទះអាកាសធាតុមិនល្អ។
នាវានេះបានចេញដំណើរពីទីក្រុងស៊ូរ៉ាបាយ៉ា ក្នុងខេត្តជ្វា ខាងកើត កាលពីថ្ងៃសៅរ៍ ហើយកំពុងធ្វើដំណើរទៅកាន់ទីក្រុងបានចារម៉ាស៊ីន ក្នុងខេត្តកាលីម៉ាន់តាន់ ខាងត្បូង។
មូលហេតុនៃគ្រោះថ្នាក់នេះនៅមិនទាន់ច្បាស់លាស់នៅឡើយទេ។ អាជ្ញាធរស្វែងរក និងជួយសង្គ្រោះរបស់ឥណ្ឌូណេស៊ីបានដាក់ពង្រាយបុគ្គលិក នាវា និងឧទ្ធម្ភាគចក្រមួយគ្រឿងទៅកាន់តំបន់ទឹកក្បែរទីតាំងចុងក្រោយដែលគេដឹងថាមាននាវានោះ ដើម្បីធ្វើប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។
ប្រទេសឥណ្ឌូណេស៊ី ដែលជាប្រទេសប្រជុំកោះមានកោះប្រហែល ១៧.០០០កោះនោះ ពឹងផ្អែកយ៉ាងខ្លាំងលើនាវាដឹកអ្នកដំណើរ (ferries) និងមធ្យោបាយដឹកជញ្ជូនតាមផ្លូវសមុទ្រផ្សេងទៀត ដើម្បីតភ្ជាប់កោះនានា និងសម្រួលដល់ការធ្វើដំណើរ។ គ្រោះថ្នាក់តាមផ្លូវសមុទ្រតែងតែកើតឡើងជាញឹកញាប់ ដោយសារកត្តានានា រួមមានស្ថានភាពអាកាសធាតុ ស្ថានភាពសមុទ្រ និងសុវត្ថិភាពនាវា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





