ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យលក្ខណៈបច្ចេកទេសសាងសង់ផ្លូវ និងដោះស្រាយផលប៉ះពាល់ជូនប្រជាពលរដ្ឋ ក្នុងអំឡុងពេលកំពុងដំណើរការសាងសង់
AKP ភ្នំពេញ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ជាថ្នាក់ដឹកនាំ និងអាជ្ញាធរដែនដីបានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវលក្ខណៈបច្ចេកទេស និងដោះស្រាយផលប៉ះពាល់ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋលើខ្សែផ្លូវបេតុង ១ខ្សែប្រវែង ១ ០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ តភ្ជាប់ពីភូមិភូមិពង្រ ទៅកាន់ភូមិស្រែអំពិល មានទីតាំងស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ស្ថាបនាដោយកងវិស្វកម្មនៃក្រសួងការពាជាតិ។ ខ្សែផ្លូវមួយខ្សែនេះស្ថាបនាសម្រេចបានវឌ្ឍនភាព ប្រមាណ៩០% ដោយការងារស្ថាបនាតួថ្នល់សម្រេចបាន ១០០%។ ដោយឡែកការងារស្ថាបនាចញ្ចើមផ្លូវមានការយឺតយ៉ាវ និងមានភ្លៀងធ្លាក់ជោកជាំខ្លាំងជាប់គ្នាផងនោះ ធ្វើឱ្យខ្សែផ្លូវខាងលើនេះរងផលប៉ះពាល់ និងបានធ្វើឱ្យការរំខានចំពោះការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។


ឯកឧត្ដមរដ្ឋមន្រ្ដី បានណែនាំឱ្យក្រុមការងាររបស់កងវិស្វកម្មឱ្យពន្លឿនការឈូសឆាយ កៀរសម្អាតដីលើតួរផ្លូវខាងលើផ្លូវឱ្យបានល្អឡើងវិញក្នុងថ្ងៃនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបររបស់ប្រជាពលរដ្ឋទៅជាធម្មតាឡេីងវិញ។ គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញានេះ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមរដ្ឋមន្ត្រី សហការជាមួយអាជ្ញាធរមូលដ្ឋាន និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋបានដោះស្រាយបញ្ហានេះបានដោយរលូន និងចប់ជាស្ថាពរ។


សូមបញ្ជាក់ជូនផងដែរថា ក្រសួងនឹងចាត់វិធានការតឹងរឹងចំពោះការអនុវត្តនូវបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវ ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងជាថ្មីម្តងទៀតនៅពេលក្រោយ៕
ដោយ.ពេជ្រ សំអឿន(ប្រភព.ក្រសួងអភិវឌ្ឍន៍ជនបទ)





