ប្រតិភូក្រសួងព័ត៌មាន អញ្ជើញដល់រដ្ឋធានីប៉េកាំង ដើម្បីចូលរួម «សិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់សម្រាប់បណ្តាប្រទេសអាស៊ាន»
AKP ប៉េកាំង, ប្រទេសចិន ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦--តបតាមការអញ្ជើញរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា និងតាមការចាត់តាំងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ប្រតិភូក្រសួងព័ត៌មានកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ដោយសុវត្ថិភាព ដើម្បីចូលរួម «សិក្ខាសាលាស្តីពីប្រព័ន្ធផ្សព្វផ្សាយថ្មី ដើម្បីជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់សម្រាប់បណ្តាប្រទេសអាស៊ាន» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦។

នៅក្នុងបេសកកម្មផ្លូវការរយៈពេល ១៤ ថ្ងៃនេះ ប្រតិភូក្រសួងព័ត៌មាន នឹងចូលរួមយ៉ាងសកម្មក្នុងវគ្គបណ្តុះបណ្តាល និងកម្មវិធីផ្លាស់ប្តូរទស្សនកិច្ចសិក្សាស្រាវជ្រាវ នៅរដ្ឋធានីប៉េកាំង និងទីក្រុងឆុងឈីង (Chongqing) ដែលរៀបចំឡើងដោយ China Broadcasting International Economic and Technical Cooperation Co., Ltd. (CBIC)។ កម្មវិធីបណ្តុះបណ្តាលនេះ ផ្តោតសំខាន់លើការសិក្សាពីនិន្នាការនៃការវិវត្តប្រព័ន្ធផ្សព្វផ្សាយថ្មី (New Media Trends) និងការប្រកបវិជ្ជាជីវៈព័ត៌មានឌីជីថលប្រកបដោយប្រសិទ្ធភាព ព្រមទាំងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទំនើប ដើម្បីជំរុញ និងផ្សព្វផ្សាយពីការអភិវឌ្ឍវិស័យឧស្សាហកម្មប្រកបដោយគុណភាពខ្ពស់ និងចីរភាព។

បន្ថែមពីនេះ ប្រតិភូកម្ពុជា ទាំងអស់នឹងទទួលបានបទពិសោធន៍ជាក់ស្តែង តាមរយៈការទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ផ្ទាល់ជាមួយស្ថាប័នព័ត៌មានធំៗ និងក្រុមហ៊ុនបច្ចេកវិទ្យានៅក្នុងរដ្ឋធានីប៉េកាំង និងទីក្រុងឆុងឈីងផងដែរ។ សិក្ខាសាលានេះ មិនត្រឹមតែចូលរួមចំណែកក្នុងការបង្កើនសមត្ថភាពមន្ត្រីជំនាញលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយទំនើបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ព្រមទាំងការអភិវឌ្ឍវិស័យព័ត៌មានក្នុងតំបន់អាស៊ានទាំងមូលផងដែរ៕
ដោយ៖ ទូច វលក័្ខណ





