ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា៖ សហរដ្ឋអាមេរិកឈរជាមួយកម្ពុជា ក្នុងការធានាឱ្យមានលទ្ធផលជាក់ស្តែងពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ --លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានទៅទស្សនានៅទីតាំងសម្រាប់គ្រួសារដែលត្រូវបានផ្លាស់ទីលំនៅក្នុងខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលការអនុវត្តជាក់ស្តែងនៃគម្រោងដែលទទួលមូលនិធិពីសហរដ្ឋអាមេរិក និងអនុវត្តន៍ដោយអង្គការ IOM ដែលជាលទ្ធផលជាក់ស្តែងមួយពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ ហើយកំពុងឈានទៅដល់ប្រជាជនចំនួន ១០ ០០០ នាក់ ដែលត្រូវការជំនួយ។ លោកស្រីភារធារីបានគូសបញ្ជាក់ថា សហរដ្ឋអាមេរិក ឈរជាមួយកម្ពុជា ក្នុងការធានាឱ្យមានលទ្ធផលជាក់ស្តែងពីកិច្ចព្រមព្រៀងសន្តិភាពគូឡាឡាំពួរ។


បើតាមលោកស្រី Aleks Zittle សហរដ្ឋអាមេរិកកំពុងជួយគ្រួសារដែលត្រូវបានផ្លាស់ទីលំនៅដោយសារស្ថានការណ៍តាមព្រំដែនកម្ពុជា-ថៃ ដោយផ្តល់នូវតម្រូវការចាំបាច់បំផុតដែលមានសារៈសំខាន់សម្រាប់ពួកគេ រួមមានកម្រាលផ្ទះដ៏មាំ កន្លែងងូតទឹកដែលមានសុវត្ថិភាពជាងមុន និងផ្លូវដើរដែលមានភ្លើងបំភ្លឺ។


សូមជម្រាបជូនថា ក្នុងអំឡុងទស្សនកិច្ចនៅក្នុងខេត្ដបន្ទាយមានជ័យ លោកស្រី Aleks Zittle ក៏បានជួបជាមួយគ្រួសារមូលដ្ឋាន មេភូមិ និងអភិបាលខេត្តបន្ទាយមានជ័យ ដែលបានប្តេជ្ញាបន្តគាំទ្រដល់ដំណាក់កាលបន្ទាប់របស់គម្រោងនេះ៕
ដោយ៖ រិទ្ធី, ប្រភព៖ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា





