ប្រធានាធិបតីមីយ៉ាន់ម៉ា គាំទ្រកម្ពុជា លើការដោះស្រាយជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្ដរជាតិ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគោលជំហររបស់កម្ពុជា លើការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងយន្តការដែលមានស្រាប់។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី លទ្ធផលជំនួបកំពូលរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម មីន អោង ឡាំង ប្រធានាធិបតីនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា។

បើតាមការលើកឡើងរបស់ឯកឧត្ដម ជា ធីរិទ្ធ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ជាមួយឯកឧត្ដម មីន អោង ឡាំង ដោយភាគីទាំងពីរ បានជជែកពិភាក្សាទ្វេភាគីរវាងកម្ពុជា និងមីយ៉ាន់ម៉ា និងចែករំលែកនូវទស្សនៈទាក់ទងនឹងបញ្ហាក្នុងតំបន់មួយចំនួនផងដែរ។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចឡើងវិញចំពោះជម្លោះព្រំដែនកម្ពុជា-ថៃ ដែលបានអូសបន្លាយប្រមាណជាង២ឆ្នាំមកនេះ ដែលភាគីថៃ នៅតែបន្តរំលោភបំពាន និងកាន់កាប់ទាំងកម្រោល មកលើបូរណភាពទឹកដីកម្ពុជា ដោយខុសច្បាប់ ដែលពិភពលោកកំពុងចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសកម្មភាពយ៉ាងគឃ្លើនរបស់ភាគីថៃ។ សម្តេចតេជោបានពន្យល់ពីប្រវត្ដិសារបានដែលភាគីថៃ បន្តរំលោភបំពានលើកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះ ទោះបីជាមានបទឈប់បាញ់យ៉ាងណាក៏ដោយ ។

ជាមួយគ្នានេះ សម្តេចតេជោប្រមុខរដ្ឋស្ដីទី ក៏បានលើកឡើងពីការដោះស្រាយជម្លោះព្រំដែននេះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងតវ៉ាដាច់ខាតចំពោះការកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់ពីសំណាក់ភាគីថៃ។
ក្នុងឱកាសនោះ ឯកឧត្ដម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់បន្ថែមថា៖ «ឯកឧត្តម មីន អោង ឡាំងពិតជាគាំទ្រយ៉ាងខ្លាំងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ដោយសន្តិវិធី ។ ឯកឧត្ដមសង្ឃឹមថា ជម្លោះព្រំដែននេះ នឹងអាចវិលមករកប្រក្រតីភាព ស្ថិរភាព និងសន្តិភាពនៅតាមព្រំដែនជាមួយគ្នាឡើងវិញ»៕
ដោយ៖ ប៊ុនរិទ្ធ





