អភិបាលខេត្តបន្ទាយមានជ័យ លើកស្ទួយព្រះពុទ្ធសាសនា និងប្រគេនប្រកាសនីយបត្រ ដល់ព្រះគ្រូចៅអធិការវត្តរតនគុណារាម
AKP បន្ទាយមានជ័យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦--ព្រះពុទ្ធសាសនា មិនត្រឹមតែជាសាសនារបស់រដ្ឋប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកមួយដ៏សំខាន់នៃអត្តសញ្ញាណ វប្បធម៌ ប្រពៃណី និងសីលធម៌របស់ប្រជាជនកម្ពុជា។ ក្នុងស្មារតីនេះ ពិធីប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ចំពោះព្រះគ្រូបញ្ហារក្ខិតមង្គល រីរ៉ាម ព្រះគ្រូចៅអធិការវត្តរតនគុណារាម (វត្តរោងគោ) បានប្រព្រឹត្តទៅដោយសទ្ធាជ្រះថ្លា និងបរិយាកាសប្រកបដោយសាមគ្គីភាព នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦។

ពិធីនេះបានរៀបចំឡើងនៅវត្តរតនគុណារាម (វត្តរោងគោ) ស្ថិតក្នុងឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងមានការនិមន្តអញ្ជើញចូលរួមពី ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈកិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ ព្រមទាំងព្រះមន្ត្រីសង្ឃគ្រប់ព្រះអង្គ និងមានការចូលរួមពី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

ការប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារី ជូនព្រះគ្រូចៅអធិការវត្តរតនគុណារាមនាពេលនេះ មិនត្រឹមតែជាពិធីសាសនាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញពីការទទួលស្គាល់ និងគោរពចំពោះការខិតខំបំពេញព្រះសាសនកិច្ចរបស់ព្រះសង្ឃ ដែលបានរួមចំណែកថែរក្សាព្រះពុទ្ធសាសនា សីលធម៌ ប្រពៃណី និងវប្បធម៌ដ៏ល្អផូរផង់របស់ជាតិ។
ថ្លែងក្នុងពិធី ឯកឧត្តម អ៊ុ រាត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះព្រះគ្រូបញ្ហារក្ខិតមង្គល រីរ៉ាម ដែលទទួលបានការប្រគេនប្រកាសនីយបត្រ និងពិធីស្រោចស្រពសុគន្ធវារី។ ឯកឧត្តមបានចាត់ទុកសមិទ្ធផលនេះថា ជាកិត្តិយសដ៏ថ្លៃថ្លាមួយ ដែលកើតចេញពីការបំពេញព្រះសាសនកិច្ចដោយស្មោះត្រង់ និងការលះបង់ ដើម្បីព្រះពុទ្ធសាសនា និងសង្គមជាតិ។

ឯកឧត្តម អ៊ុ រាត្រី បានមានប្រសាសន៍ថា ការរីកចម្រើនរបស់ព្រះពុទ្ធសាសនា ត្រូវការការចូលរួមពីគ្រប់ភាគី ជាពិសេសព្រះសង្ឃ ពុទ្ធបរិស័ទ អាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ ដើម្បីរួមគ្នាថែរក្សា និងបន្តផ្សព្វផ្សាយធម៌វិន័យ សីលធម៌ និងគុណធម៌ទៅកាន់យុវជន និងប្រជាពលរដ្ឋជំនាន់ក្រោយ។
ឯកឧត្តមក៏បានលើកឡើងថា ព្រះសង្ឃមានតួនាទីយ៉ាងសំខាន់ក្នុងការអប់រំផ្លូវចិត្ត និងសីលធម៌របស់ប្រជាពលរដ្ឋ។ វត្តអារាម មិនត្រឹមតែជាទីកន្លែងសម្រាប់ធ្វើបុណ្យ និងគោរពបូជាប៉ុណ្ណោះទេ ប៉ុន្តែជាទីកន្លែងអប់រំ ចែករំលែកចំណេះដឹង និងបណ្តុះស្មារតីឱ្យប្រជាពលរដ្ឋមានសីលធម៌ សុជីវធម៌ និងការរស់នៅប្រកបដោយសុខដុមរមនា។
ទន្ទឹមនឹងនេះ ព្រះឧត្តមសីលញាណ ធុល សុធា ព្រះរាជាគណៈកិត្តិយស និងជាព្រះមេគណខេត្តបន្ទាយមានជ័យ បានមានសង្ឃដីកាថា ការប្រគេនប្រកាសនីយបត្រ និងស្រោចស្រពសុគន្ធវារីនេះ គឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យក្នុងវិស័យព្រះពុទ្ធសាសនា ដែលឆ្លុះបញ្ចាំងពីការគោរពចំពោះព្រះសង្ឃដែលបានខិតខំបំពេញព្រះសាសនកិច្ច និងចូលរួមចំណែកក្នុងការថែរក្សាព្រះធម៌ ព្រះវិន័យ និងប្រពៃណីដ៏ល្អរបស់ព្រះពុទ្ធសាសនា។

ព្រះអង្គបានមានសង្ឃដីកាផ្តល់ជាព្រះឱវាទដល់ព្រះសង្ឃគ្រប់ព្រះអង្គ ឱ្យបន្តប្រកាន់ខ្ជាប់នូវព្រះធម៌ ព្រះវិន័យ និងបន្តធ្វើជាគំរូដ៏ល្អសម្រាប់ពុទ្ធបរិស័ទ ជាពិសេសយុវជនជំនាន់ក្រោយ។
ព្រះអង្គក៏បានអំពាវនាវឱ្យពុទ្ធបរិស័ទបន្តចូលរួមគាំទ្រ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា តាមរយៈការប្រតិបត្តិធម៌ ការរក្សាសីល ការធ្វើបុណ្យទាន និងការរួមចំណែកថែរក្សាវត្តអារាម ដែលជាមរតកសាសនា និងវប្បធម៌ដ៏មានតម្លៃរបស់ជាតិ៕
ដោយ ឈុន សារ៉ាត





