អភិបាលរងខេត្តសៀមរាប៖ ការអប់រំជាកូនសោបើកទ្វារអនាគត និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស
AKP សៀមរាប ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- លោកស្រី ម៉ននី រង្សី អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ការអប់រំគឺជាកូនសោដ៏សំខាន់សម្រាប់បើកទ្វារអនាគត និងជាមូលដ្ឋានគ្រឹះក្នុងការកសាងធនធានមនុស្ស ប្រកបដោយគុណភាព ដើម្បីឆ្លើយតបនឹងតម្រូវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសជាតិ។ ការលើកឡើងរបស់លោកស្រីបែបនេះបានធ្វើឡើងក្នុងឱកាសពិធីចែកបណ្ណសរសើរដល់សិស្សានុសិស្សទទួលបាននិទ្ទេស A សិស្សដែលបានបញ្ចប់ការសិក្សានៅគ្រប់កម្រិត និងសិស្សដែលទទួលបានចំណាត់ថ្នាក់ល្អ ប្រចាំឆ្នាំសិក្សា ២០២៥-២០២៦ នៅសាលាវេសហ្គេតអន្តរជាតិ ខេត្តសៀមរាប នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦។

លោកស្រី ម៉ននី រង្សី បានអបអរសាទរដល់សិស្សានុសិស្សទាំងអស់ដែលទទួលបានលទ្ធផលល្អក្នុងការសិក្សា ជាពិសេសសិស្សទទួលបាននិទ្ទេស A ចំនួន២នាក់ ដែលជាសមិទ្ធផលកើតចេញពីការខិតខំប្រឹងប្រែងរបស់សិស្ស លោកគ្រូ អ្នកគ្រូ និងការគាំទ្រពីមាតាបិតា អាណាព្យាបាល។ លោកស្រីបានមានប្រសាសន៍ថា បើគ្មានការអប់រំទេនោះ មិនអាចធ្វើឱ្យសង្គមមួយរីកចម្រើនបានឡើយ។ ការសិក្សាអប់រំ គឺជាកូនសោសម្រាប់បើកទ្វារអនាគត» ដោយលោកស្រីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍធនធានមនុស្ស តាមរយៈការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍជំនាញឌីជីថល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។


លោកស្រីក៏បានលើកទឹកចិត្តឱ្យមាតាបិតា និងអាណាព្យាបាល ចូលរួមជំរុញកូនចៅឱ្យស្រឡាញ់ការអានសៀវភៅ និងរៀនភាសាខ្មែរឱ្យបានច្បាស់លាស់ ដោយបញ្ជាក់ថា ការអានជួយបង្កើនចំណេះដឹង ការផ្តោតអារម្មណ៍ និងកាត់បន្ថយការប្រើប្រាស់ទូរសព្ទ ឬឧបករណ៍អេឡិចត្រូនិកលើសកម្រិត។ ជាមួយគ្នានេះ លោកជំទាវបានអំពាវនាវឱ្យក្រុមគ្រួសារ និងសហគមន៍រួមគ្នាអប់រំកុមារ និងយុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន ដែលអាចបំផ្លាញអនាគតបុគ្គល គ្រួសារ និងសង្គមជាតិ។
លោក រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិ បានឱ្យដឹងថា តាមលទ្ធផលនៃការវាយតម្លៃសិក្សារបស់សិស្សានុសិស្សនាឆ្នាំកន្លងមកនេះ យើងទទួលបានជោគជ័យប្រមាណ៩៨.៥%។ ដោយឡែកសម្រាប់សិស្សានុសិស្សចូលរួមប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ទទួលបានជោគជ័យ ១០០% ក្នុងនោះសិស្សនិទ្ទេសល្អ១៤% សិស្សនិទ្ទេសល្អបង្គួរ៣៣%។

លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២) ទទួលបានជោគជ័យ៩៧.៥% ក្នុង នោះទទួលបានសិស្សជ័យលាភីនិទ្ទេស A ចំនួន ២នាក់ និទ្ទេស B ចំនួន១២ នាក់ និទ្ទេស C ចំនួន១២នាក់ និទ្ទេស D ចំនួន២៧នាក់ និងនិទ្ទេស E ចំនួន១៣នាក់៕

ដោយ ឃុត សៅ





