មន្ដ្រីជាន់ខ្ពស់ក្រសួងកសិកម្មចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា ស្តីពីកសិកម្ម និងព្រៃឈើលើកទី៩ នៅទីក្រុងញូវដេលី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦-- មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌាស្តីពីកសិកម្មនិងព្រៃឈើលើកទី៩ (9th AIMMAF) ដែលបានប្រព្រឹត្តទៅនៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា។

ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងថា កិច្ចប្រជុំនេះនឹងលើកឡើងពីចំណុចសំខាន់ៗដូចជាបញ្ហាឆ្លើយតបនឹងវិបត្តិអាកាសធាតុ និងភូមិសាស្ត្រនយោបាយ។ ក្នុងនេះ កម្ពុជាបានស្នើឱ្យមានសកម្មភាពរួមគ្នាលើ៣ចំណុច៖ ទី១. ការពារលំហូរស្បៀងនិងធាតុចូលកសិកម្ម ទី២. កៀរគរការវិនិយោគនិងជំនួយបច្ចេកទេសកសិកម្ម-ព្រៃឈើប្រកបដោយនិរន្តរភាព និងទី៣. ពង្រឹងសាមគ្គីភាពតាមរយៈហិរញ្ញប្បទានហានិភ័យ និងថាមពលកសិកម្ម។

ជាមួយគ្នានេះ កម្ពុជាស្វាគមន៍ចំពោះផែនការសកម្មភាពរយៈពេលមធ្យមអាស៊ាន-ឥណ្ឌា ២០២៦-២០៣០ ដែលជាក្របខ័ណ្ឌជំរុញសន្តិសុខស្បៀង ខ្សែច្រវាក់តម្លៃដែលមានភាពធន់ កសិកម្មឌីជីថលនិងធន់នឹងអាកាសធាតុ ការគ្រប់គ្រងក្រោយពេលប្រមូលផល និងនិរន្តរភាពព្រៃឈើនិងកសិ-រុក្ខកម្ម។ ទន្ទឹមនឹងនេះ កម្ពុជាបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការជាក់ស្តែងកាន់តែច្រើន រួមទាំងការចែករំលែកការអនុវត្តល្អៗ និងការស្រាវជ្រាវរួមគ្នាលើបច្ចេកវិទ្យាកសិកម្មដែលមានតម្លៃសមរម្យ។

ឯកឧត្តមអនុរដ្ឋលេខាធិការបានថ្លែងបញ្ជាក់ដែរថា កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយលេខាធិការដ្ឋានអាស៊ាន បណ្តារដ្ឋសមាជិកអាស៊ាន និងភាគីឥណ្ឌា ក្នុងការរៀបចំនិងអនុវត្តផែនការសកម្មភាព ២០២៦-២០៣០ ដែលផ្តោតលើលទ្ធផលជាក់ស្តែង។ កិច្ចសហប្រតិបត្តិការនេះរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ពិតប្រាកដ និងយូរអង្វែងដល់កសិករ សន្តិសុខស្បៀង និងភាពធន់នឹងអាកាសធាតុរួមគ្នាក្នុងតំបន់៕

ដោយ៖ មករា





