ឯកឧត្តម ឌិត ទីណា និងភារធារីស្តីទីស្ថានទូតអាមេរិក ចុះពិនិត្យការគាំទ្រប្រជាពលរដ្ឋភៀសសឹកនៅស្រុកស្វាយចេក
AKPបន្ទាយមានជ័យថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៦--ការយកចិត្តទុកដាក់ចំពោះសុខុមាល ភាព និងជីវភាពរបស់ប្រជាពលរដ្ឋដែលត្រូវភៀសខ្លួនចេញពីតំបន់ប្រឈមនឹងស្ថានការណ៍មិនប្រក្រតី ពីសង្គ្រាមឈ្លា នពានរបស់ថៃមកលើដែនអធិបតេយ្យភាពកម្ពុជាបានបន្តបង្ហាញយ៉ាងច្បាស់តាមរយៈការចុះជួបផ្ទាល់របស់ថ្នាក់ដឹក នាំរាជរដ្ឋាភិបាល និងដៃគូអន្តរជាតិ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងពិនិត្យមើលការផ្តល់សេវាសុខាភិបា ល និងជំនួយមនុស្សធម៌នៅមូលដ្ឋាន។

នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី Aleksandra P. Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជា ណាចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យ និងជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ ព្រមទាំងបងប្អូនប្រជាពលរដ្ឋ នៅប៉ុស្តិ៍សុខភាព ភូមិរង់ចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ គណៈប្រតិភូបានពិនិ ត្យមើលស្ថានភាពជាក់ស្តែងនៃការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ពិសេ សប្រជាពលរដ្ឋដែលបានភៀសសឹកមកកាន់តំបន់មានសុវត្ថិភាព ព្រមទាំងស្តាប់ពីបញ្ហាប្រឈម តម្រូវការ និងសំណូមពររបស់ប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចនៅមូលដ្ឋាន។
ឯកឧត្តម ឌិត ទីណា បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិ បាល ចំពោះសុខទុក្ខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋភៀសសឹក ដោយចាត់ទុក ថា ការធានាឱ្យប្រជាពលរដ្ឋមានកន្លែងស្នាក់នៅសមរម្យ ទទួលបានសេវាសុខាភិបាល និងការគាំទ្រចាំបាច់នានា គឺជាកិច្ចការដែលត្រូវយកចិត្តទុកដាក់ជាបន្ទាន់ និងបន្តធ្វើឱ្យបានល្អប្រសើរ។

ការចុះមូលដ្ឋានដោយផ្ទាល់របស់ឯកឧត្តមរដ្ឋមន្ត្រី ក៏ជាការបង្ហាញថា ការងារជួយសង្គ្រោះ និងគាំពារប្រជា ពលរដ្ឋភៀសសឹក មិនមែនផ្តោតត្រឹមតែការផ្តល់ជំនួយជាសម្ភារៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើសុខភាព ការរស់នៅ និងសេចក្តីត្រូវការជាក់ស្តែងរបស់ពួកគេផងដែរ។
ជាមួយគ្នានេះ លោកស្រី Aleksandra P. Zittle ភារធារីស្តីទីនៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានអញ្ជើញចូលរួមពិនិត្យមើល គម្រោងជួយគាំទ្រជនភៀសសឹករបស់អង្គការអន្តរជាតិទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) ដែលទទួលបានការគាំទ្រពីសហរដ្ឋអាមេរិក។ វត្តមានរបស់ភាគីពាក់ព័ន្ធនៅទីតាំងផ្ទាល់ បានឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិ បាលកម្ពុជា ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិ ក្នុងការឆ្លើយតបចំពោះតម្រូវការមនុស្សធម៌របស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក។
គម្រោងគាំទ្រនេះមានសារៈសំខាន់ក្នុងការជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក តាមរយៈការគាំទ្រដែលផ្តោតលើតម្រូវការចាំបាច់ និងការផ្តល់លទ្ធភាពឱ្យពួកគេទទួលបានសេវាសំខាន់ៗនៅតំបន់ដែលពួកគេកំពុងស្នាក់នៅបណ្តោះអាសន្ន។
ជាក់ស្តែង ប៉ុស្តិ៍សុខភាពនៅមូលដ្ឋាន គឺជាចំណុចសំខាន់មួយក្នុងការធានាឱ្យប្រជាពលរដ្ឋអាចទទួលបានសេវាសុខាភិបាលនៅក្បែរខ្លួន ជាពិសេសសម្រាប់កុមារ ស្ត្រី មនុស្សចាស់ និងអ្នកដែលត្រូវការការថែទាំសុខភាពជាប្រចាំ។ ដូច្នេះ ការពិនិត្យ និងស្វែងយល់ពីសមត្ថ ភាពផ្តល់សេវារបស់ក្រុមគ្រូពេទ្យនៅទីនេះ គឺជាផ្នែកមួយនៃការធានាឱ្យការគាំពារប្រជាពលរដ្ឋភៀសសឹកប្រព្រឹត្តទៅដោយមានប្រសិទ្ធភាព។
សកម្មភាពនៅថ្ងៃទី៩ ខែកញ្ញា ក៏បានបង្ហាញពីសារៈសំខាន់នៃ ការសហការរួមគ្នារវាងរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន ក្រុមគ្រូពេទ្យ អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងការឆ្លើយតបនឹងស្ថានភាពមនុស្សធម៌។ កិច្ចសហការបែបនេះអាចធានាថា ជំនួយ និងការគាំទ្រត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
តាមរយៈការចុះជួបផ្ទាល់នេះ សារ សំខាន់ មួយដែលបានបង្ហាញ គឺ ប្រជាពលរដ្ឋភៀសសឹកមិនត្រូវបានទុកឱ្យប្រឈមមុខនឹងការលំបាកតែម្នាក់ឯងឡើយ។ ការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ និងការចូលរួមរបស់ដៃគូអន្តរជាតិ បានក្លាយជាកម្លាំងគាំទ្រដ៏សំខាន់សម្រាប់ពួកគេក្នុងអំឡុងពេលដែលត្រូវការជំនួយ និងការការពារជាចាំបាច់។
ការចុះពិនិត្យ និងសំណេះសំណាលនៅប៉ុស្តិ៍សុខភាពភូមិរង់ចាំ មិនត្រឹមតែជាសកម្មភាពចុះមូលដ្ឋានធម្មតានោះទេ ប៉ុន្តែជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការដាក់ សុវត្ថិភាព សុខភាព និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ ជាអាទិ ភាព ខណៈដែលកិច្ចសហប្រតិបត្តិការរវាងកម្ពុជា សហរដ្ឋអាមេរិក និងអង្គការ IOM កំពុងចូលរួមចំណែកដល់ការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ៕
ដោយ៖ ឈុនសារ៉ាត





