មូលនិធិ SDF សហការជាមួយទីភ្នាក់ងារ NEA និងភ្នាក់ងារជ្រើសរើសបុគ្គលិក ដោះស្រាយគម្លាតជំនាញ ឆ្លើយតបតម្រូវការទីផ្សារការងារ
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ -- មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានជួបពិភាក្សាជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) និងតំណាងក្រុមហ៊ុនជ្រើសរើសបុគ្គលិកឯកជនឈានមុខគេ ដែលរួមមានក្រុមហ៊ុន CoGen ក្រុមហ៊ុន Krawma ក្រុមហ៊ុន HRINC ក្រុមហ៊ុន Aplus ក្រុមហ៊ុន Top Recruitment និងក្រុមហ៊ុន GOS-Airport នារសៀលថ្ងៃទី០៩ ខែកញ្ញា នៅទីស្នាក់ការកណ្តាលមូលនិធិ SDF។

ប្រភពីមូលនិធិ SDF បានឱ្យដឹងថា កិច្ចពិភាក្សានេះផ្តោតសំខាន់លើការប្រមូលទិន្នន័យជាក់ស្តែងអំពីនិន្នាការជ្រើសរើសបុគ្គលិក មុខតំណែងដែលពិបាកជ្រើសរើស និងបញ្ហាកង្វះជំនាញ ដើម្បីយកមកធ្វើជាមូលដ្ឋានក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាល ឱ្យឆ្លើយតបចំតម្រូវការនិយោជក។ ជាមួយគ្នានេះ មូលនិធិ SDF ក៏បានផ្សព្វផ្សាយអំពីយន្តការគាំទ្រថវិកាបដិភាគ និងកម្មវិធី «ជំនាញខ្ញុំ ការងារខ្ញុំ» ដើម្បីត្រៀមសហការជាមួយភ្នាក់ងារជ្រើសរើសបុគ្គលិក ក្នុងការជួយដល់បងប្អូនដែលត្រឡប់មកពីក្រៅប្រទេសឱ្យទទួលបានការបណ្តុះបណ្តាល និងចាប់យកឱកាសការងារក្នុងស្រុក។

តាមរយៈកិច្ចសហការនេះ មូលនិធិ SDF និងដៃគូពាក់ព័ន្ធ បានព្រមព្រៀងគ្នាផ្លាស់ប្តូរព័ត៌មានទីផ្សារការងារជាប្រចាំ។ ទន្ទឹមនេះ មូលនិធិ SDF នឹងចងក្រង និងវិភាគទិន្នន័យតម្រូវការជំនាញជាក់ស្តែង ដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការរៀបចំកម្មវិធីបណ្តុះបណ្តាលឆ្លើយតបចំតម្រូវការ សំដៅចូលរួមអភិវឌ្ឍន៍កម្លាំងពលកម្មកម្ពុជាឱ្យកាន់តែមានជំនាញខ្ពស់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាពទៅនឹងការវិវត្តនៃសេដ្ឋកិច្ចជាតិ៕

ដោយ៖ ណយ នឿន (ប្រភព៖ មូលនិធិអភិវឌ្ឍន៍ជំនាញ)





