មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំជំរុញឱ្យមាតា បិតា អាណាព្យាបាលយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការផ្តល់ការសិក្សាសម្រាប់កូនចៅ
AKP ភ្នំពេញ ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦--ឯកឧត្តម ពឹង គឹមឆេង អនុរដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ការផ្តល់នូវការសិក្សាអប់រំសម្រា ប់កូនចៅ គឺជាការវិនិយោគដ៏សំខាន់របស់គ្រួសារនីមួយៗ។ ដូច្នេះហើយក្នុងនាមក្រសួងអប់រំ យុវជន និកីឡា ឯកឧត្តមសូមជំរុញឱ្យមាតា បិតា អា ណាព្យាបាលយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើការផ្តល់ការសិក្សាសម្រាប់បុត្រធី តារបស់ខ្លួនឱ្យបានគ្រប់ៗគ្នា ព្រោះមាន តែការសិក្សាទេដែលនឹងនាំឱ្យកូនចៅរបស់យើងមានអនាគតល្អប្រសើរបាន។

ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការនៃសាលាអន្តរជាតិវែលលីស (WELIS) ក្នុងរាជធានីភ្នំពេញ ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ពឹង គឹមឆេង មានប្រសាសន៍ថា សម្រាប់ការអភិវឌ្ឍប្រទេសជាតិ យើងពិតជាត្រូវការជាចាំបាច់នូវធនធានមនុស្ស ដែលជាមនុស្សមានចំណេះ និងជំនាញពិតបា្រកដដើម្បីធ្វើកិច្ចការនានាឱ្យមានដំណើរការទៅមុខ។ ដូច្នេះដើម្បីបានធនធានមនុស្ស គឺយើងត្រូវបង្កើតឱ្យមានថ្នាលសម្រាប់ការសិក្សាអប់រំនោះគឺមានន័យថា យើងត្រូវបង្កើតសាលារៀនដើម្បីបង្រៀនសិស្ស ហើយឪពុកម្តាយ អ្នកអាណាព្យាបាល ត្រូវមានតួនាទីនាំកូនចៅមកកាន់សាលារៀន ដើម្បីការរៀនសូត្រមួយដែលប្រកបដោយគុណភាព។

ឯកឧត្តមបានគូសបញ្ជាក់ថា រាជរដ្ឋាភិ បាលដែលមានក្រសួងអប់រំ យុវជន និកីឡា ជាសេនាធិការ បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើគុណភាពនៃការអប់រំ ក្នុងនោះទាំងសាលារៀនរដ្ឋ ទាំងសាលារៀនឯកជន គឺសុទ្ធតែមានតួនាទីដូចៗគ្នាក្នុងការពង្រឹងគុណភាពនៃការអប់រំ ការបណ្តុះបណ្តាលធនធានមនុស្សដែលអាចយកទៅប្រើប្រាស់បាន។
ក្នុងឱកាសនេះក្នុងនាម ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមអនុរដ្ឋលេខាធិការបានចាត់ទុកការដាក់ឱ្យដំណើរការជាផ្លូវការនៃសាលាអន្តរជាតិវែលលីស (WELIS) នាពេលនេះថាជាថ្នាលថ្មីមួយបន្ថែមទៀតក្នុងការកសាងចំណេះដឹងសម្រាប់បុត្រធីតា ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

ក្នុងឱកាសនេះ លោកឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ ស្ថាបនិក និងជាប្រធានអគ្គនាយកប្រតិបត្តិ VRith Group បានថ្លែងថា សាលាអន្តរជាតិវែលលីស (WELIS) ដែលជាបុត្រសម្ព័ន្ធមួយរបស់ VRith Group គឺជានិមិត្តរូបដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅនៅក្នុងដំណើរការនៃវិស័យអប់រំនៅកម្ពុជា។

លោកឧកញ៉ាបណ្ឌិតបានលើកឡើងថា ដើម្បីសម្រេចបាននូវគោលដៅដ៏ត្រឹមត្រូវ និងច្បាស់លាស់ ស្ថាប័នអប់រំ VRith Group បានប្តេជ្ញាចិត្តយ៉ាងមុតមាំលើចក្ខុវិស័យដ៏ធំធេងមួយគឺធ្វើឱ្យទីនេះក្លាយជាសាលារៀនអន្តរជាតិឈានមុខ ដែលមានការទុកចិត្តខ្ពស់បំផុតក្នុងការបណ្តុះបណ្តាលសិស្សានុសិស្សឱ្យក្លាយជាមូលធនមនុស្សដ៏ពិតប្រាកដ៕
ដោយ៖ ចាន់ សុភឿន





