សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យផ្សព្វផ្សាយចំណេះដឹងមនុស្សធម៌ និងវិជ្ជាសង្គ្រោះបឋមដល់និស្សិត ១២០នាក់
AKP បន្ទាយមានជ័យ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦--និស្សិតចំនួន១២០នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច សាខាខេត្តបន្ទាយមានជ័យ បានទទួលការអប់រំផ្សព្វផ្សាយអំពីប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ ច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងចំណេះដឹងជាមូលដ្ឋានស្តីពីវិជ្ជាសង្គ្រោះបឋម ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹងអំពីសកម្មភាពមនុស្សធម៌ និងត្រៀមលក្ខណៈជួយសង្គ្រោះអ្នកដទៃក្នុងករណីមានគ្រោះអាសន្ន។

សកម្មភាពអប់រំផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដោយក្រុមការងារជំនាញនៃសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយផ្តោតលើការពង្រឹងចំណេះដឹងមនុស្សធម៌ដល់យុវជន និងនិស្សិត ដែលជាកម្លាំងស្នូលក្នុងការចូលរួមជួយសង្គម និងផ្សព្វផ្សាយស្មារតីជួយគ្នាទៅវិញទៅមក។
លោកស្រី សុខ លាភា នាយិកាសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា កម្មវិធីផ្សព្វផ្សាយនេះមានគោលបំណងផ្តល់ចំណេះដឹងឱ្យនិស្សិតបានយល់ច្បាស់អំពីប្រវត្តិ និងបេសកកម្មរបស់ចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ព្រមទាំងគោលការណ៍គ្រឹះទាំង៧ ដែលជាមូលដ្ឋានសម្រាប់ការអនុវត្តសកម្មភាពមនុស្សធម៌។ ការយល់ដឹងទាំងនេះមានសារៈសំខាន់ក្នុងការបណ្តុះស្មារតីមនុស្សធម៌ ការគោរពសេចក្តីថ្លៃថ្នូររបស់មនុស្ស និងការចូលរួមជួយសម្រាលការលំបាករបស់អ្នកដែលកំពុងជួបប្រទះនឹងគ្រោះមហន្តរាយ ឬស្ថានភាពអាសន្នផ្សេងៗ។

លោកស្រីបានបញ្ជាក់ថា ខ្លឹមសារនៃការផ្សព្វផ្សាយរួមមាន ប្រវត្តិចលនាកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ និងច្បាប់មនុស្សធម៌អន្តរជាតិ។ ទន្ទឹមនឹងនេះ ក្រុមការងារជំនាញក៏បានណែនាំអំពីវិជ្ជាសង្គ្រោះបឋម តួនាទី និងគោលការណ៍របស់អ្នកសង្គ្រោះ ព្រមទាំងការគាំទ្រមុខងារជីវិតរបស់មនុស្ស ដើម្បីឱ្យនិស្សិតមានចំណេះដឹងសម្រាប់យកទៅអនុវត្តឱ្យបានត្រឹមត្រូវនៅពេលចាំបាច់។
លោកស្រី សុខ លាភា បានបន្តថា ចំណេះដឹងសង្គ្រោះបឋម គឺជាជំនាញដ៏សំខាន់មួយដែលមនុស្សគ្រប់រូបគួរមាន ព្រោះគ្រោះថ្នាក់អាចកើតឡើងដោយមិនបានព្រាងទុក ហើយការជួយសង្គ្រោះដំបូងប្រកបដោយចំណេះដឹង និងការប្រុងប្រយ័ត្នអាចជួយការពារជីវិត កាត់បន្ថយហានិភ័យ និងទប់ស្កាត់ការរងរបួសកុំឱ្យកាន់តែធ្ងន់ធ្ងរ មុនពេលក្រុមសង្គ្រោះជំនាញ ឬបុគ្គលិកសុខាភិបាលមកដល់។
ក្នុងកម្មវិធីនេះ និស្សិតក៏ទទួលបានការណែនាំអំពីការដាក់ជនរងគ្រោះឱ្យសម្រាកក្នុងដំណេកសុវត្ថិភាព និងការសង្គ្រោះដង្ហើមសិប្បនិម្មិតសម្រាប់មនុស្សពេញវ័យ កុមារ និងទារក។ ខ្លឹមសារទាំងនេះជាចំណេះដឹងជាក់ស្តែងដែលអាចជួយឱ្យនិស្សិតយល់ពីរបៀបឆ្លើយតបនៅពេលជួបមនុស្សដែលមានបញ្ហាសុខភាពបន្ទាន់ ដោយត្រូវអនុវត្តតាមវិធីសាស្ត្រត្រឹមត្រូវ និងគិតគូរពីសុវត្ថិភាពរបស់អ្នករងគ្រោះ និងអ្នកជួយសង្គ្រោះផងដែរ។

ការផ្សព្វផ្សាយនេះក៏ជាផ្នែកមួយនៃការពង្រឹងការយល់ដឹងអំពីតួនាទីរបស់កាកបាទក្រហមកម្ពុជា ក្នុងការបម្រើការងារមនុស្សធម៌ដោយមិនរើសអើង និងការចូលរួមពីសំណាក់យុវជនក្នុងសកម្មភាពសង្គម។ ការផ្តល់ចំណេះដឹងដល់និស្សិតមិនត្រឹមតែជួយបង្កើនសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយឱ្យពួកគេក្លាយជាអ្នកផ្សព្វផ្សាយបន្តទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងសហគមន៍ ដើម្បីបង្កើតសង្គមដែលមានការយកចិត្តទុកដាក់ចំពោះសុខុមាលភាព និងសុវត្ថិភាពរបស់អ្នកដទៃ។

តាមរយៈសកម្មភាពនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ បានបន្តពង្រីកវិសាលភាពនៃការអប់រំមនុស្សធម៌ទៅកាន់គ្រឹះស្ថានសិក្សា ដោយផ្តោតលើការបណ្តុះចំណេះដឹង ជំនាញ និងស្មារតីសាមគ្គីភាពក្នុងចំណោមយុវជន សំដៅឱ្យពួកគេអាចចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិត និងជួយសម្រាលការលំបាករបស់ប្រជាពលរដ្ឋនៅពេលមានតម្រូវការ៕
ដោយ ឈុន សារ៉ាត





