ឯកឧត្តម សក់ សេដ្ឋា៖ ឃុំមានអត្ថិភាព និងភាពសំខាន់ក្នុងសង្គមខ្មែរជាយូរយារណាស់មកហើយ
AKP ភ្នំពេញ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦--ក្នុងដំណើរការនៃសន្និបាតបូកសរុបសមិទ្ធផលការងាររបស់ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២-២០២៥ នៅសណ្ឋាគាសុខា ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានលើកឡើងថា ឃុំមានអត្ថិភាព និងភាពសំខាន់ក្នុងសង្គមខ្មែរជាយូរយារណាស់មកហើយ និងថា ដោយផ្អែកលើឯកសារប្រព័ន្ធគ្រប់គ្រងឃុំបែបតែងតាំងបានចាប់ផ្តើមតាំងពីឆ្នាំ១៩០៨ រហូតមកដល់មុនការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០០២។
ឯកឧត្តម ទេសរដ្ឋមន្ត្រី សក់ សេដ្ឋា មានប្រសាសន៍ថា សម្រាប់កម្ពុជាទោះបីជាមានការព្យាយាមរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ (ដូចជានៅឆ្នាំ១៩៥៩) ក៏ដោយ ប៉ុន្តែប៉ុន្មានខែក្រោយមកត្រូវបានរំលាយ និងត្រឡប់ទៅប្រើប្រាស់ប្រព័ន្ធតែងតាំងវិញដដែល។ សរុបមកក្នុងរយៈពេលជិត ១០០ឆ្នាំមកនេះប្រព័ន្ធនៃការគ្រប់គ្រងឃុំនៅកម្ពុជាគឺមានការផ្លាស់ប្តូរជាបន្តបន្ទាប់ទៅតាមការផ្លាស់ប្តូរនៃរបបនយោបាយ វិបត្តិផ្ទៃក្នុង សង្គ្រាម ជម្លោះ ហើយអ្វីដែលកត់សម្គាល់នោះគឺការបំផ្លាញនូវរចនាសម្ព័ន្ធគ្រប់គ្រងនៅក្នុងសង្គមទាំងផ្នែករដ្ឋបាល សេដ្ឋកិច្ច និងសង្គម រួមទាំងឃុំផងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ នេះគឺជាប្រវត្តិ ជាស្ថានភាពនៃរដ្ឋបាលរបស់ប្រទេសកម្ពុជា ដែលយើងត្រូវប្រើប្រាស់ពេលវេលា រួមនឹងកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីនឹងធ្វើការកែទម្រង់ប្រព័ន្ធរដ្ឋបាលរបស់ជាតិយើង រួមទាំងរដ្ឋបាលឃុំផង។ ឯកឧត្តមបានបន្តថា ចាប់តាំងពីដើមឆ្នាំ១៩៩៩ កម្ពុជាបានចាប់ផ្តើមរៀបចំក្របខ័ណ្ឌគោលនយោបាយ និងក្រប
ខ័ណ្ឌច្បាប់សម្រាប់ការគ្រប់គ្រងឃុំបន្ទាប់ពីកម្ពុជាបានអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញ ដែលសន្តិភាពគឺជាឱកាសដ៏មានតម្លៃដើម្បីរាជរដ្ឋាភិបាលធ្វើការស្តារ និងកសាងប្រទេសជាតិ ដោយឈរលើតម្លៃ និងគោលការណ៍ស្នូល គឺលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ដែលលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនេះ គឺទាមទារឱ្យមានការកសាង និងពង្រឹងនូវមូលធនសង្គម ដោយមានន័យថា ជាការកសាង និងជាការពង្រឹងនូវទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៅក្នុងសង្គមប្រជាធិបតេយ្យ ការពង្រឹងនូវទំនាក់ទំនងរវាងប្រជាជនជាមួយរាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលនេះជាចំណុចមួយដ៏សំខាន់ ដោយការកសាងមូលធនសង្គម និងមូលធននយោបាយនៃទាមទារឱ្យយើងមានការប្តេជ្ញាចិត្ត ហើយត្រូវការយៈពេលវែង ដើម្បីការកសាង និងការពង្រឹង ដើម្បីធានាឱ្យប្រទេសជាតិមានការអភិវឌ្ឍប្រកបដោយចីរភាព ដែលនៅលើមូលដ្ឋាននេះនៅ ដើមឆ្នាំ១៩៩៩ កម្ពុជាបានផ្តួចផ្តើមឱ្យមានការកែទម្រង់នៅថ្នាក់ឃុំ សង្កាត់ ដែលពេលនោះយើងបានរំលេចការកែទម្រង់តាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងវិមជ្ឈការ វិសហមជ្ឈការ ដែលជាប្រព័ន្ធគ្រប់គ្រងថ្មី ដែលនាំឱ្យយើងកែប្រព័ន្ធគ្រប់គ្រងឃុំជាប្រព័ន្ធដែលគ្រប់គ្រងតាមរបៀបរបបប្រពៃណីផង តាមបែបប្រព័ន្ធគ្រប់គ្រងទំនើបផង ដែលអាចយកទៅប្រៀបធៀបជាមួយប្រទេសផ្សេងៗទៀតបាន៕

ដោយ៖ ចាន់ សុភឿន





