ខេត្តបន្ទាយមានជ័យពិនិត្យសំណើផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត ១៣កន្លែង មកកាន់មណ្ឌលភៀសសឹកបណ្តោះអាសន្ន ដើម្បីធានាសិទ្ធិបោះឆ្នោតរបស់ប្រជាពលរដ្ឋ
AKPបន្ទាយមានជ័យថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៦–ក្នុងបរិបទដែលប្រជាពលរដ្ឋមួយចំនួនត្រូវ បានរៀបចំឱ្យស្នាក់នៅក្នុងមណ្ឌលភៀសសឹកបណ្តោះអាសន្ន ការធានាឱ្យពួកគេអាចបន្តអនុវត្តសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋបានដោយមិនមានឧបសគ្គ គឺជាកត្តាសំខាន់មួយដែលត្រូវយកចិត្តទុកដាក់។

ក្នុងន័យនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សា និងសម្រេចលើសំណើសុំផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោតចំនួន ១៣កន្លែង មកកាន់ទីតាំងមណ្ឌលភៀសសឹកបណ្តោះអាសន្ន។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ឃូ ពៅ អភិបាលរងខេត្តបន្ទាយមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីមន្ត្រីជំនាញ អាជ្ញាធរពាក់ព័ន្ធ និងតំណាងមូលដ្ឋាន ដើម្បីពិនិត្យលទ្ធភាព និងនីតិវិធីពាក់ព័ន្ធនឹងការផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោត។
សំណើដែលត្រូវបានលើកមកពិនិត្យក្នុងកិច្ចប្រជុំ គឺសំណើសុំផ្លាស់ប្តូរទីតាំង ការិយាល័យបោះឆ្នោតចំនួន ១៣កន្លែង ដែលស្ថិតក្នុង ឃុំគោករមៀត ស្រុកថ្មពួក និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីយកមករៀបចំនៅទីតាំង មណ្ឌលភៀសសឹកបណ្តោះអាសន្ន ស្ថិតនៅភូមិរងចាំ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ថ្លែងក្នុងកិច្ចប្រជុំ លោក ឃូ ពៅ បានបញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យសំណើនេះដោយប្រុងប្រយ័ត្ន និងមានការទទួលខុសត្រូវ ដោយត្រូវគិតគូរទាំងពីទិដ្ឋភាពជាក់ស្តែងនៅមូលដ្ឋាន និងនីតិវិធីពាក់ព័ន្ធ ដើម្បីឱ្យការរៀបចំទីតាំងការិយាល័យបោះឆ្នោតអាចប្រព្រឹត្តទៅដោយរលូន មានសណ្តាប់ធ្នាប់ និងឆ្លើយតបនឹងស្ថានភាពរស់នៅជាក់ស្តែងរបស់ប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ការរៀបចំទីតាំងការិយាល័យបោះឆ្នោតនៅក្នុងមណ្ឌលភៀសសឹកបណ្តោះអាសន្ន គឺជាការងារដែលត្រូវការការសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីធានាថា ទីតាំងថ្មីមានភាពសមស្រប ងាយស្រួលធ្វើដំណើរ មានសុវត្ថិភាព និងអាចបម្រើដល់ប្រជាពលរដ្ឋដែលត្រូវបានផ្លាស់ទីមកស្នាក់នៅជាបណ្តោះអាសន្ន។
លោក ឃូ ពៅ ក៏បានណែនាំឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធពិនិត្យឱ្យបានលម្អិតលើចំនួនប្រជាពលរដ្ឋ ស្ថានភាពទីតាំង ភាពងាយស្រួលក្នុងការធ្វើដំណើរ ការរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងលក្ខខណ្ឌចាំបាច់ផ្សេងៗ មុននឹងឈានទៅសម្រេចជាផ្លូវការ។ ការពិនិត្យយ៉ាងម៉ត់ចត់នេះ មានគោលដៅកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ និងធានាថា ការរៀបចំការិយាល័យបោះឆ្នោតថ្មីស្របតាមតម្រូវការជាក់ស្តែង។
ជាមួយគ្នានេះ លោកបានជំរុញឱ្យភាគីពាក់ព័ន្ធរក្សាការសម្របសម្រួល និងការទទួលខុសត្រូវរួមគ្នា ដើម្បីឱ្យដំណើរការរៀបចំទីតាំងការិយាល័យបោះឆ្នោតមានភាពច្បាស់លាស់ តម្លាភាព និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធភាព។
ការលើកសំណើផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោតទាំង ១៣កន្លែងនេះ ក៏បានបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យចំពោះស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋដែលត្រូវស្នាក់នៅក្នុងមណ្ឌលភៀសសឹកបណ្តោះអាសន្ន។ ក្នុងស្ថានភាពដែលទីតាំងរស់នៅរបស់ប្រជាពលរដ្ឋមានការផ្លាស់ប្តូរ ការរៀបចំសេវាសាធារណៈ និងការងាររដ្ឋបាលឱ្យស្របតាមស្ថានភាពជាក់ស្តែង គឺជាកិច្ចការចាំបាច់ ដើម្បីកុំឱ្យការផ្លាស់ទីលំនៅបណ្តោះអាសន្នបង្កជាឧបសគ្គដល់ការអនុវត្តសិទ្ធិរបស់ពលរដ្ឋ។
តាមរយៈកិច្ចប្រជុំនេះ រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញពីការយកចិត្តទុកដាក់ក្នុងការសម្របសម្រួលការងាររដ្ឋបាលជាមួយស្ថានភាពជាក់ស្តែងនៅមូលដ្ឋាន ដោយផ្តោតសំខាន់លើការធានាសុវត្ថិភាព ភាពងាយស្រួល និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាចម្បង។
ជំហានបន្ទាប់ គឺការបន្តអនុវត្តតាមនីតិវិធី និងការសម្រេចរបស់ស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឱ្យការផ្លាស់ប្តូរទីតាំងការិយាល័យបោះឆ្នោតទាំង ១៣កន្លែង អាចដំណើរការទៅដោយស្របច្បាប់ មានប្រសិទ្ធភាព និងឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅមណ្ឌលភៀសសឹកបណ្តោះអាសន្ន៕
ដោយ៖ ឈុន សារ៉ាត





