ផ្សារមូលបត្រកម្ពុជា រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២៩ នៃអាណត្តិទី២
AKP ភ្នំពេញ ថ្ងៃ០៧ ខែកញ្ញា ឆ្នាំ២០២៦ -- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផ.ម.ក) បានដឹកនាំកិច្ចប្រជុំលើកទី២៩ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផ.ម.ក នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅអគារផ្សារមូលបត្រកម្ពុជា។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក សមាជិកក្រុមប្រឹក្សាភិបាល និងមន្រ្តីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធនៃ ផ.ម.ក។

អង្គប្រជុំ បានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ រួមមាន ១. ពិនិត្យអនុម័តលើការពិនិត្យលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុលរបស់ក្រុមហ៊ុន ស្នេថេក ជុភីធើរ ឯ.ក, ២. ពិនិត្យអនុម័តលើសង្ខេបលទ្ធផលត្រីមាសទី២ នៃឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្នរបស់ផ្សារមូលបត្រកម្ពុជា ៣. ពិនិត្យអនុម័តលើការបន្តសមាជិកភាពរបស់ធនាគារ វីង (ខេមបូឌា) ម.ក ជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល និងធនាគារកាណាឌីយ៉ា អ.ក ជាភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់, និង ៤. របៀបវារៈសំខាន់ៗមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជំរុញថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃផ្សារមូលបត្រកម្ពុជា ឱ្យបន្តកិច្ចខិតខំអភិវឌ្ឍន៍ផ្សារមូលបត្រកម្ពុជាបន្ថែមទៀត តាមរយៈការខិតខំបន្តដោះស្រាយនូវបញ្ហាប្រឈមនានា និងចាប់យកកាលានុវត្តភាព ដែលកំពុងកើតមានឡើង រួមទាំងការគិតគូរអំពីយន្តការផ្សេងៗក្នុងទិសដៅអភិវឌ្ឍន៍ផ្សារមូលបត្រកម្ពុជាឱ្យមានការរីកចម្រើនក្នុងពេលអនាគត និងឆ្លើយតបបានទាន់សភាពការណ៍ទៅនឹងដំណើរការរីកលូតលាស់នៃសង្គមសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាតិ៕
ដោយ៖ ទូច វលក័្ខណ (ប្រភព៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ)





