លោកជំទាវ ពុំ ចន្ទីនី អញ្ជើញចុះសួរសុខទុក្ខសកម្មជនការងារអេដស៍ប្រចាំខេត្តពោធិ៍សាត់
AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦-- លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនារសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះសួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តដល់ អ្នកស្រី សាន សុខាត់ សកម្មជនការងារអេដស៍ប្រចាំខេត្តពោធិ៍សាត់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន (មន្ទីរពេទ្យព្រះកុសុមៈ)។
អ្នកស្រី សាន សុខាត់ គឺជាសកម្មជនការងារអេដស៍ដ៏សកម្មមួយរូបដែលបានលះបង់កម្លាំងកាយចិត្តក្នុងការងារមនុស្សធម៌ ជួយដល់អ្នកជំងឺអេដស៍ក្នុងសហគមន៍តាំងពីឆ្នាំ២០០៤ ជាពិសេសលោកស្រីបានជួយផ្តល់ប្រឹក្សានិងសម្របសម្រួលដល់អ្នកផ្ទុកមេរោគអេដស៍នៅក្នុងឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង។ ហើយបច្ចុប្បន្ននៅតែបន្តសកម្មភាពយ៉ាងសកម្មនៅក្នុងខេត្តពោធិ៍សាត់។

ការចុះសួរសុខទុក្ខនាពេលនេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងគាំទ្រយ៉ាងកក់ក្តៅចំពោះសកម្មជនការងារអេដស៍។ សូមជូនពរអ្នកស្រី ឆាប់បានជាសះស្បើយ មានសុខភាពល្អ និងបានត្រឡប់ទៅជួបជុំគ្រួសារ ព្រមទាំងសហគមន៍វិញក្នុងពេលឆាប់ៗនេះ៕


ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





