មន្ទីរបរិស្ថានខេត្តរតនគិរី ថ្កោលទោសជនខិលខូចដុតទីស្នាក់រងស្រែជ្រៃ ដោយសារផ្តើមចេញពីការញុះញង់របស់ជនខិលខូចជីករ៉ែមាសខុសច្បាប់
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ -- មន្ទីរបរិស្ថាន ខេត្តរតនគិរី បានចេញសេចក្តីប្រកាសព័ត៌មានមួយទាក់ទិនទៅនឹងជនខិលខូចមួយក្រុមដែលធ្វើសកម្មភាពជីករ៉ែមាសខុសច្បាប់ ហើយបានញុះញង់ឱ្យមានការដុតបំផ្លាញទីស្នាក់រងស្រែជ្រៃ ស្ថិតនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្ត រតនគិរី។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះបានបញ្ជាក់ថា នៅពេលមន្ត្រីឧទ្យានុរក្សបានធ្វើការទប់ស្កាត់ និងណែនាំឱ្យជនខិលខូចបញ្ឈប់សកម្មភាពជីករ៉ែមាសខុសច្បាប់ដោយសន្តិវិធី ពីព្រោះនេះជាសកម្មភាពខុសច្បាប់ត្រង់មាត្រា ៨៥០ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយពុំមានបង្កជាអំពើហឹង្សា ឬការផ្ទុះអាវុធឡើយ ហើយពួកគាត់ក៏បានចាកចេញពីទីនោះនៅវេលាម៉ោង ១១:២០នាទី។ ប្រមាណ ២ម៉ោងក្រោយមក គឺនៅវេលាម៉ោង ១៣:១៥នាទី មន្ទីរបរិស្ថានខេត្តរនគិរីបានទទួលព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំរយំ ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូបណ្តាលឱ្យមានការបាត់បង់ជីវិតមនុស្សម្នាក់។ ហេតុការណ៍នេះត្រូវបានជនឆ្លៀតឱកាសយកមកធ្វើជាការចោទប្រកាន់មកលើមន្ត្រីឧទ្យានុរក្សផង និងញុះញង់បង្កជាបញ្ហាឈានដល់ការកម្ទេច និងដុតទីស្នាក់ការរងឧទ្យានុរក្សផង។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននេះ មន្ទីរបរិស្ថានខេត្តបានធ្វើការបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ក្នុងចេតនាមួលបង្កាច់ បង្អួចកិត្តិយស និងកេរ្តិ៍ឈ្មោះរបស់មន្ត្រីមានសមត្ថកិច្ចអនុវត្តច្បាប់ដោយគ្មានភស្តុតាង និងសូមថ្កោលទោសចំពោះការប្រព្រឹត្តអំពើខុសច្បាប់ឦការបរិហារកេរ្តិ៍ជាសាធារណៈ ការញុះញង់បង្កអំពើហឹង្សាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឱ្យបាត់បង់ធនធានធម្មជាតិរបស់ជាតិកម្ពុជាយើង៕



ដោយ៖ មករា





