តំណាងកម្ពុជាចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ជំរុញឱកាសការងារសម្រាប់យុវជន និងការអភិវឌ្ឍជំនាញក្នុងវិស័យទេសចរណ៍ប្រកបដោយចីរភាព
AKP ភ្នំពេញ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦--- ឯកឧត្តម ម៉ុល វិបុល អនុរដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមសិក្ខាសាលាហ្វ្រង់កូហ្វូនី ក្រោមប្រធានបទ "ការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ឱកាសការងារសម្រាប់យុវជន និងការកៀរគរហិរញ្ញប្បទាន" ដែលផ្តួចផ្តើមដោយគម្រោង Destination Éco-Talents (DET) តបតាមការអញ្ជើញរបស់វិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងក្រសួងការបរទេសនៃសាធារណរដ្ឋស៊ីប។
សិក្ខាសាលាអន្តរជាតិនេះបានប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសាធារណរដ្ឋស៊ីប ក្នុងគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលនៃគម្រោង DET ព្រមទាំងពិភាក្សា និងស្វែងរកយុទ្ធសាស្ត្ររួម ដើម្បីជំរុញការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងស្វែងរកប្រភពហិរញ្ញប្បទានសម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដោយមានការចូលរួមពីអ្នកជំនាញ តំណាងអង្គការជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធមកពីបណ្តាប្រទេសសមាជិកចំនួន១៩ប្រទេស សរុបប្រមាណ៦៧រូប ប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម Kostas Koumis រដ្ឋមន្ត្រីក្រសួងទេសចរណ៍ស៊ីប តំណាងក្រសួងការបរទេសស៊ីប និងលោកស្រី Cécile Martin-Phipps នាយិកាវិទ្យាស្ថានហ្វ្រង់កូហ្វូនីសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។


ក្នុងឱកាសនេះ អ្នកចូលរួមបានពិភាក្សា ផ្លាស់ប្តូរយោបល់ និងស្វែងរកយុទ្ធសា ស្ត្ររួមពាក់ព័ន្ធនឹងការលើកកម្ពស់ឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន តាមរយៈការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងការស្វែងរកប្រភពហិរញ្ញប្ប ទានសម្រាប់គាំទ្រដល់គម្រោងទេសចរណ៍នានានៅក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។
ជាមួយគ្នានេះ សិក្ខាសាលាក៏បានផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការរយៈពេលវែងរវាងរាជរដ្ឋាភិបាលនៃបណ្តាប្រទេសនិយាយភាសាបារាំង សហគ្រាស ក្រុមហ៊ុនឯកជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ព្រមទាំងបង្កើតឱកាសការងារ និងលើកកម្ពស់ការអភិវឌ្ឍជំនាញសម្រាប់យុវជនឱ្យឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារការងារ។

គួរបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសសាកល្បង (Pilot Countries) ទាំង៤ នៃគម្រោង DET រួមមាន កម្ពុជា កាប់វែរ កូម័រ និងវៀតណាម។ ការចូលរួមជាប្រទេសសាកល្បងនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្ត និងការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងក្របខ័ណ្ឌហ្វ្រង់កូហ្វូនី ក្នុងការលើកកម្ពស់វិស័យការងារ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបង្កើតឱកាសការងារ និងការអភិវឌ្ឍជំនាញសម្រាប់យុវជន ឱ្យឆ្លើយត បទៅនឹងតម្រូវការនៃវិស័យទេសចរណ៍ប្រកបដោយចីរភាព និងប្រកបដោយការទទួលខុសត្រូវ ព្រមទាំងផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការអភិរក្សសម្បត្តិបេតិកភណ្ឌវប្បធម៌ និងធម្មជាតិ៕


ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





