ចិនត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគជាមួយរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ -- ឧបនាយករដ្ឋមន្ត្រីចិន លោកឌីង សៀស៊ាំង (Ding Xuexiang) បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយរុស្ស៊ីដើម្បីអនុវត្តន៍តាមការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀតក្នុងការវិនិយោគ។
លោក ឌីង ដែលជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិនបានធ្វើការកត់សម្គាល់នេះ នៅពេលធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មាធិការសហប្រតិបត្តិការវិនិយោគចិន-រុស្ស៊ី ជាមួយឧបនាយករដ្ឋមន្ត្រីទីមួយរបស់រុស្ស៊ី លោក ដេនីស ម៉ានទូរ៉ូវ (Denis Manturov) នៅទីក្រុងវ្លាឌីវូស្តុក ភាគខាងកើតបំផុតរបស់ប្រទេសរុស្ស៊ី។
លោក ឌីង បានមានប្រសាសន៍ថា នេះមានសារៈសំខាន់ណាស់ក្នុងការពង្រឹងផែនការ និងការណែនាំគោលនយោបាយ បង្កើនការតម្រឹមឧស្សាហកម្ម និងការលើកកម្ពស់គម្រោង និងគាំទ្ររួមគ្នាដល់អាជីវកម្មមកពីប្រទេសទាំងពីរក្នុងការបន្តកិច្ចសហប្រតិបត្តិការវិនិយោគកាន់តែស៊ីជម្រៅនិងមានសារៈសំខាន់ជាងមុន។
លោកបានអំពាវនាវឱ្យភាគីទាំងពីរពង្រីក និងធ្វើឱ្យកិច្ចសហប្រតិបត្តិការរបស់ពួកគេកាន់តែស៊ីជម្រៅ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដូចជា ការផលិត និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងវិស័យជាច្រើនទៀត រួមទាំងឧស្សាហកម្មបៃតង និងសេដ្ឋកិច្ចឌីជីថល។
ចំពោះលោក ម៉ានទូរ៉ូវ បាននិយាយថា ប្រទេសរុស្ស៊ីត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិន ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋទាំងពីរ ដើម្បីផ្តល់តួនាទីពេញលេញដល់ការណែនាំ និងសម្របសម្រួលរបស់គណៈកម្មាធិការសហប្រតិបត្តិការវិនិយោគរុស្ស៊ី-ចិន។
លោកបានបន្ថែមថា ប្រទេសរុស្ស៊ីនឹងចាត់វិធានការដើម្បីដោះស្រាយកង្វល់របស់សហគ្រាសចិន ផ្តល់លក្ខខណ្ឌងាយស្រួល និងអាចព្យាករណ៍បានសម្រាប់ការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី និងក្នុងពេលជាមួយគ្នានេះ ជំរុញការអនុវត្តគម្រោងសំខាន់ៗជាបន្តបន្ទាប់ ដើម្បីឱ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការអាចផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រទេសទាំងពីរ និងប្រជាជនរបស់ពួកគេ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





