លោក ពូទីន៖ ទីក្រុងមូស្គូគាំទ្រចំណងមិត្តភាព និងផលប្រយោជន៍ទៅវិញទៅមកជាមួយអាមេនី
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានជួបប្រជុំទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីអាមេនី លោក នីកូល ប៉ាស៊ីនយ៉ាន នៅខាងក្រៅកិច្ចប្រជុំកំពូលអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដោយមេដឹកនាំទាំងពីរបានពិភាក្សាគ្នាម្តងហើយម្តងទៀតអំពីផែនការរបស់ប្រទេសអាមេនីក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប។ លោក ពូទីន បាននិយាយថា ទីក្រុងមូស្គូត្រូវការភាពច្បាស់លាស់អំពីរបៀបអភិវឌ្ឍន៍ទំនាក់ទំនងជាមួយទីក្រុងយេរេវ៉ាន ខណៈដែលប្រទេសអាមេនីកំពុងឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហភាពអឺរ៉ុប។
លោកបានកត់សម្គាល់ថា សេចក្តីប្រាថ្នារបស់ប្រទេសអាមេនីក្នុងការចូលរួមជាមួយសហភាពអឺរ៉ុប គឺជាសិទ្ធិស្របច្បាប់របស់ប្រទេស ប៉ុន្តែលោកបានព្រមានថា វាបង្កើតការលំបាកមួយចំនួន រួមទាំងការបន្តជាសមាជិកភាពរបស់ខ្លួននៅក្នុងសហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU)។
ក្នុងពេលជាមួយគ្នានេះ លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីតែងតែគាំទ្រការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកជាមួយប្រទេសអាមេនី ដោយលោកបាននិយាយថា កិច្ចការនេះបំពេញតាមផលប្រយោជន៍ជាមូលដ្ឋានទាំងរបស់រុស្ស៊ី និងប្រជាជនអាមេនី។
លោក ពូទីន ក៏បានកត់សម្គាល់ផងដែរថា ក្រុមហ៊ុនរុស្ស៊ីនៅតែបន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសអាមេនី ដោយពង្រឹងសន្តិសុខថាមពលរបស់ប្រទេស និងនៅតែស្ថិតក្នុងចំណោមអ្នកជាប់ពន្ធធំបំផុតរបស់ខ្លួន។
ប្រធានាធិបតីរុស្ស៊ីបានគូសបញ្ជាក់ពីគម្រោងរួមគ្នារវាងទីក្រុងមូស្គូ និងទីក្រុងយេរេវ៉ាន ក្នុងវិស័យថាមពលនុយក្លេអ៊ែរដោយសន្តិភាព ការដឹកជញ្ជូន និងសេដ្ឋកិច្ចឌីជីថល៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





