អភិបាលខេត្តបន្ទាយមានជ័យ៖ បណ្ណាល័យមួយខ្នង គឺជាពន្លឺចំណេះដឹង និងក្តីសង្ឃឹមថ្មីសម្រាប់កុមារភៀសសឹកនៅភូមិរង់ចាំ
AKP បន្ទាយមានជ័យ ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦--ក្នុងបរិបទដែលកុមារជាច្រើននៅតាមតំបន់ព្រំដែន កំពុងប្រឈមនឹងការខ្វះខាតឱកាសសិក្សាដោយសារផលប៉ះពាល់ពីស្ថានភាពសង្គ្រាមឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យកម្ពុជា និងការផ្លាស់ទីលំនៅ ការផ្តល់អគារបណ្ណាល័យមួយខ្នងពីអង្គការ Good People International(GPI) សម្រាប់សិស្សានុសិស្សនៅភូមិរង់ចាំ បានក្លាយជាសញ្ញានៃក្តីសង្ឃឹមថ្មី និងជាការរួមចំណែកដ៏មានតម្លៃក្នុងការកសាងអនាគតកុមារកម្ពុជា។

កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ តំណាងអង្គការ GPI រួមជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បានចុះពិនិត្យទីតាំងសាងសង់អគារបណ្ណាល័យដោយផ្ទាល់ ដើម្បីរៀបចំបង្កើតមជ្ឈមណ្ឌលសិក្សា និងស្រាវជ្រាវសម្រាប់សិស្សានុសិស្សនៅតំបន់តាំងទីលំនៅថ្មីរបស់ប្រជាពលរដ្ឋភៀសសឹក។

គម្រោងនេះ បានកើតឡើងក្នុងពេលដែលកុមារនៅតំបន់ព្រំដែនមួយចំនួនក្នុងខេត្តបន្ទាយមានជ័យ បានទទួលរងផលប៉ះពាល់ពីស្ថានភាពអសន្តិសុខ ដោយសារសង្គ្រាមឈ្លានពានពីសំណាក់ភាគីថៃនាពេលកន្លងមក ដែលបណ្តាលឱ្យសាលារៀនខ្លះរងការខូចខាត និងធ្វើឱ្យកុមារជាច្រើនខកខានឱកាសសិក្សា។ ដូច្នេះ ការកសាងបណ្ណាល័យនេះ មិនមែនគ្រាន់តែជាការសាងសង់អគារមួយប៉ុណ្ណោះទេ ប៉ុន្តែជាការវិនិយោគលើធនធានមនុស្ស និងជាការបើកទ្វារឱ្យកុមារបន្តដំណើរឆ្ពោះទៅរកចំណេះដឹង។
ក្នុងនាមរដ្ឋបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ Good People International ដែលតែងតែចូលរួមសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសង្គម និងលើកកម្ពស់វិស័យអប់រំ ជាពិសេសការផ្តល់អគារបណ្ណាល័យមួយខ្នងនេះ ដើម្បីឱ្យសិស្សានុសិស្សនៅភូមិរង់ចាំ មានកន្លែងសិក្សាស្រាវជ្រាវ និងបង្កើនចំណេះដឹងបន្ថែម។

ឯកឧត្តម អ៊ុំ រាត្រី បានមានប្រសាសន៍ថា «បណ្ណាល័យមិនមែនគ្រាន់តែជាកន្លែងផ្ទុកសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលនៃចំណេះដឹង ជាកន្លែងបណ្តុះស្មារតីស្រឡាញ់ការអាន និងជាមូលដ្ឋានសម្រាប់កុមារក្នុងការកសាងអនាគតរបស់ខ្លួន។ ការគាំទ្ររបស់អង្គការ GPI គឺជាការផ្តល់ទាំងចំណេះដឹង ក្តីសង្ឃឹម និងឱកាសថ្មីដល់កុមារនៅតំបន់ភៀសសឹកភូមិរង់ចាំឃុំស្លក្រាមស្រុកស្វាយចេក»។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអភិវឌ្ឍវិស័យអប់រំ ជាពិសេសនៅតំបន់ដែលកំពុងជួបការលំបាក គឺជាការងារអាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយជឿជាក់ថា កុមារដែលមានចំណេះដឹង នឹងក្លាយជាកម្លាំងដ៏សំខាន់សម្រាប់ការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត។
អគារបណ្ណាល័យថ្មីនេះ នឹងផ្តល់ឱកាសឱ្យសិស្សានុសិស្សអាចអានសៀវភៅ ស្រាវជ្រាវព័ត៌មាន អភិវឌ្ឍន៍សមត្ថភាព និងបណ្តុះទម្លាប់ស្រឡាញ់ការអាន ដែលជាគ្រឹះដ៏សំខាន់សម្រាប់ការសិក្សាពេញមួយជីវិត។ ទន្ទឹមនឹងនេះ វាក៏ជាកន្លែងបង្កើតបរិយាកាសសិក្សាដ៏ល្អ និងជាស្ពានភ្ជាប់ក្តីសង្ឃឹមរវាងកុមារ សហគមន៍ និងអនាគតដ៏ប្រសើរផងដែរ។

សូមបញ្ជាក់ថា អង្គការ Good People International (GPI) ជាអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ ដែលមានមូលដ្ឋាននៅសាធារណរដ្ឋកូរ៉េ និងបានអនុវត្តន៍គម្រោងជាច្រើនក្នុងគោលបំណងកាត់បន្ថយភាពក្រីក្រ កាត់បន្ថយវិសមភាព និងគាំទ្រសហគមន៍ងាយរងគ្រោះឱ្យមានលទ្ធភាពអភិវឌ្ឍន៍សក្តានុពលរបស់ខ្លួន។ ការសាងសង់បណ្ណាល័យនៅភូមិរង់ចាំលើកនេះ គឺជាភស្តុតាងមួយនៃស្មារតីមនុស្សធម៌ និងការរួមចំណែកដ៏មានអត្ថន័យក្នុងការកសាងអនាគតដល់កុមារកម្ពុជា៕
ដោយ ឈុន សារ៉ាត





